រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ និវត្តជនក្រសួងព័ត៌មាន ជាធនធានមនុស្សដ៏មានតម្លៃ ជាសាក្សីរស់នៃប្រវត្តិសាស្ត្រការអភិវឌ្ឍរបស់ក្រសួង និងជាសមាជិកនៃគ្រួសារក្រសួងព័ត៌មានជានិច្ច
15-06-2026 15:50
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា មន្ត្រីរាជការនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រការអភិវឌ្ឍរបស់ក្រសួងព័ត៌មាន។ បទពិសោធន៍ ចំណេះដឹង និងគុណតម្លៃនៃការបម្រើការងាររបស់អតីតមន្ត្រីរាជការ គឺជាមូលដ្ឋានសម្រាប់មន្ត្រីជំនាន់ក្រោយរៀនសូត្រ និងបន្តអភិវឌ្ឍការងារឱ្យកាន់តែមានប្រសិទ្ធភាព។
ការគូសបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោក និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មានចំនួន២៥រូប ជាលក្ខណៈទ្រង់ទ្រាយធំជាលើកទី១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ ការខិតខំប្រឹងប្រែង និងបទពិសោធន៍ដ៏មានតម្លៃរបស់មន្ត្រីរាជការនិវត្តជន ដែលបានចូលរួមកសាង និងអភិវឌ្ឍក្រសួងព័ត៌មានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតទទួលបានសមិទ្ធផលជាច្រើនដូចសព្វថ្ងៃ។ និវត្តជនមិនមែនជាអតីតកាល ដែលត្រូវបានបំភ្លេចឡើយ។ និវត្តជន ជាគ្រឹះនៃបច្ចុប្បន្ន និងជាមេរៀនសម្រាប់អនាគត បទពិសោធន៍ ចំណេះដឹង សីលធម៌ ការងារ និងស្មារតីបម្រើជាតិរបស់និវត្តជន គឺជាទុនបញ្ញា និងជាទុនស្មារតីដ៏មានតម្លៃសម្រាប់មន្ត្រីក្រសួងព័ត៌មាន ជំនាន់ក្រោយ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការចូលនិវត្តន៍ គឺជាការបញ្ចប់ភារកិច្ចផ្លូវការក្នុងក្របខ័ណ្ឌរដ្ឋបាល ប៉ុន្តែ មិនមែនជាការបញ្ចប់តម្លៃ បទពិសោធន៍ និងការចូលរួមចំណែកចំពោះសង្គមជាតិឡើយ។ និវត្តជននៃក្រសួងព័ត៌មាន នៅតែជាធនធានដ៏មានតម្លៃ ជាអ្នកណែនាំជាអ្នកផ្តល់បទពិសោធន៍ និងជាម្លប់គំនិតសម្រាប់មន្ត្រីជំនាន់ក្រោយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «សម្រាប់ក្រសួងព័ត៌មាន ការចូលនិវត្តន៍មិនមែនជាការចាកចេញពីគ្រួសារក្រសួងនោះទេ វាគ្រាន់តែជាការផ្លាស់ប្តូរតួនាទី ពីអ្នកដែលបំពេញភារកិច្ចប្រចាំថ្ងៃ ទៅជាម្លប់បទពិសោធន៍ ម្លប់គំនិត និងកម្លាំងស្មារតីសម្រាប់អ្នកជំនាន់ក្រោយ។ ក្រសួងព័ត៌មាន នៅតែចាត់ទុកនិវត្តជន ជាសមាជិកនៃគ្រួសាររបស់ក្រសួងព័ត៌មាន ជានិច្ច បើទោះបីមិនបានបម្រើការងារប្រចាំថ្ងៃ នៅក្នុងក្រសួងដូចមុនក៏ដោយ»។
នៅចំពោះមុខនិវត្តជនក្រសួងព័ត៌មានជាង២០០នាក់, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចំណងមិត្តភាព ចំណងសាមគ្គីភាព និងស្មារតីគ្រួសារ ក្រសួងព័ត៌មាននៅតែបន្តជាប់ដិតដាមជាមួយនឹងនិវត្តជនជានិច្ច។ ត្រង់ចំណុចនេះសង្ឃឹមថា និវត្តជននឹងនៅតែបន្តផ្តល់យោបល់ ផ្តល់បទពិសោធន៍ និងលើកទឹកចិត្តដល់មន្ត្រីក្រសួងព័ត៌មានជំនាន់បច្ចុប្បន្ន និងក្រោយ ដើម្បីមន្ត្រីក្រសួងព័ត៌មាន បន្តបេសកកម្មបានកាន់តែប្រសើរឡើង កាន់តែមានប្រសិទ្ធភាព និងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីនៃក្រសួងព័ត៌មានគ្រប់រូប មិនដែលបំភ្លេចឡើយចំពោះនិវត្តជនរបស់ខ្លួនឡើយ ជាក់ស្តែងការរៀបចំជួបជុំ និងសំណេះសំណាលនិវត្តជនក្រសួងព័ត៌មាននៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីវប្បធម៌កត្តញ្ញូ ការគោរព និងការចងចាំចំពោះនិវត្តជន ដែលធ្លាប់បានបម្រើការងារជូនក្រសួងព័ត៌មាន និងប្រទេសជាតិ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា វប្បធម៌កត្តញ្ញូ គឺជាគុណធម៌ និងគុណតម្លៃដ៏ល្អរបស់សង្គមខ្មែរ។ ក្នុងស្ថាប័នមួយការគោរពអ្នកមុន ការដឹងគុណចំពោះអ្នកដែលធ្លាប់បានលះបង់ និងការបន្តស្មារតីល្អពីជំនាន់មួយ ទៅជំនាន់មួយ គឺជាគ្រឹះសំខាន់សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព។ ក្រសួងព័ត៌មាននឹងបន្តលើកកម្ពស់វប្បធម៌គោរពអ្នកមុន ថែរក្សាចំណងមិត្តភាពរវាងមន្ត្រីកំពុងបម្រើការងារ និងនិវត្តនជន ព្រមទាំងបន្តរៀបចំឱកាសសមរម្យដើម្បីឱ្យមានការជួបជុំ សាកសួរសុខទុក្ខ ចែករំលែកបទពិសោធន៍ និងពង្រឹងសាមគ្គីភាពក្នុងសង្គមគ្រួសារនៃក្រសួងព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងនាមជាមន្ត្រីជំនាន់ក្រោយសូមប្តេជ្ញាបន្តស្មារតី ប្រពៃណីល្អ និងគុណតម្លៃល្អ ដែលនិវត្តជនៃក្រសួងព័ត៌មាន បានបន្សល់ទុក ព្រមទាំងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយសុច្ចរិតភាព វិន័យ ការទទួលខុសត្រូវ និងស្មារតីបម្រើប្រជាពលរដ្ឋ។ ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលវិស័យព័ត៌មាន កំពុងប្រឈមមុខនឹងបញ្ហាថ្មីៗជាច្រើន ដូចជាព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែកក្នុងបរិយាកាសព័ត៌មាន ដែលត្រូវការបន្ថែមនូវចំណេះដឹង និងស្មារតីដ៏ល្អរបស់មន្ត្រីជំនាន់មុន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់មន្ត្រីបច្ចុប្បន្ន និងអនាគត ឱ្យបន្តយកគំរូតាមស្មារតីលះបង់ ការទទួលខុសត្រូវ វិស័យការងារ និងស្មោះត្រង់ របស់មន្ត្រីជំនាន់មុនជាដើម៕


























