៦ឆ្នាំក្រោយដាក់ឱ្យដំណើរការ, «ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច» ទទួលបានការស្នើសុំចុះបញ្ជីអាជីវកម្មជិត៦ម៉ឺនពាក្យ ដែលមានដើមទុនវិនិយោគជាង ២៣ប៊ីលានដុល្លារ
15-06-2026 15:57
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការអស់រយៈពេល៦ ឆ្នាំមកហើយ ដោយទទួលបានពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបចំនួន ៥៨ ០៨១ ដែលមានទឹកប្រាក់ជាង៩៧ទ្រីលានរៀល ឬប្រមាណ២៣.៨២ ប៊ីលានដុល្លារអាមេរិក ក្នុងនោះម្ចាស់អាជីវកម្មដែលជាស្រ្តី ចំនួន ២០ ៩៦៤។
ក្នុងចំណោមពាក្យដែលស្នើសុំប្រមាណ ៣៦% ត្រូវបានអនុម័ត។ សហគ្រាសចុះបញ្ជីច្រើនជាងគេ នៅលំដាប់លេខ១ គឺសកម្មសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត ដែលស្ថិតនៅក្រោមចង្កោមសកម្មភាពនៃវិស័យទេសចរណ៍។
«ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច» បានប្រែខ្លួន ដោយពីដំបូង ត្រឹមជាប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ( OBR) ក្នុងទម្រង់ជាការ ចុះបញ្ជីជាខ្សែច្រវ៉ាក់ (Single Portal) ដែលអាចឱ្យធុរជនស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួម ដោយគ្របដណ្តប់ដល់សេវារបស់ក្រសួង ស្ថាប័នចំនួន ៣ រួមមាន ការចុះបញ្ជីពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និង សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (រួមទាំងការចុះបញ្ជីកាសហគ្រាស-គ្រឹះស្ថាន ដោយបេឡាជាតិសន្តិសុខសង្គមដែលបានដាក់ចូលបន្ថែមកាលពីពាក់កណ្តាលឆ្នាំ ២០២៣ ផងដែរ)។
ប្រព័ន្ធ Single Portal នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាដំណោះស្រាយឌីជីថល និង ជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្ម សំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការជួយកាត់បន្ថយនីតិវិធី ពេលវេលា និង កម្រៃក្នុងកម្រិតសមរម្យ។
ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានបន្តពង្រីកវិសាលភាពជាបន្តបន្ទាប់ រហូតដល់ការផ្តល់អាជ្ញាបណ្ណវិញ្ញាបនបត្រ លិខិតអនុញ្ញាត និង ឯកសារពាក់ព័ន្ធសម្រាប់ធ្វើធុរកិច្ច ដោយបច្ចុប្បន្ន មានការចូលរួមពេញលេញពីក្រសួង ស្ថាប័នចំនួន ១៤ ដែលបានបញ្ចូលសេវាសាធារណៈចំនួន ២៦៩ រួចមកហើយ។
បន្ថែមពីនេះ ក្នុងគោលដៅបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ប្រកបដោយភាព រស់រវើក, ធន់, ប្រទាក់ក្រឡា និង បំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវា សាធារណៈសម្រាប់ធុរកិច្ច និងលើកកម្ពស់ការបំពេញអនុលោមភាព សម្រាប់អនុវត្តដោយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ជំនួសឱ្យការរៀបចំជាប្រព័ន្ធឈរ ឬ ដាច់តែឯង, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ ធុរកិច្ចឆ្នាំ ២០២៥-២០២៨» ដែលមានវិធានការមុតស្រួចប្រកបដោយភាពប្រាកដនិយម និង ភាពគ្រប់ ជ្រុងជ្រោយក្នុងគោលដៅអភិវឌ្ឍសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចដែលមានតម្រូវការស្នើសុំញឹកញាប់ និង មានហានិភ័យទាប តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលតែមួយ ឱ្យបានយ៉ាងតិច ៨០% នៃសេវាអាទិភាពសរុប។
ដើម្បីសម្រេចឱ្យបានគោលដៅនេះ «ផែនការសកម្មភាពសម្រាប់អនុវត្ត យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨» ក៏ត្រូវបានដាក់ចេញ ដើម្បីជំរុញការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ អមដោយការរៀបចំបញ្ជីសេវាអាទិភាពខ្ពស់ និង ការកំណត់សកម្មភាពលម្អិត តួនាទី និង ភារកិច្ចរបស់ក្រសួង ស្ថាប័នជាក់លាក់។
ក្នុងរយៈពេល ៦ ឆ្នាំនៃការអនុវត្តការងារនេះ ក្រៅពីការងារសម្របសម្រួល និង ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាពាក់ព័ន្ធនឹងធុរកិច្ច ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, ការងារ ផ្សព្វផ្សាយ គាំទ្រ និង ដោះស្រាយបញ្ហាប្រឈមដល់អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាដើមនោះ ក៏ ត្រូវបានរួមបញ្ចូលផងដែរ។
គិតត្រឹមដំណាច់ខែ ឧសភា ឆ្នាំ ២០២៦ ក្រុមការងារគាំទ្រកណ្តាលបានដោះស្រាយ ករណីសរុបប្រមាណ ២៩ ៤០៨, បានរៀបចំផ្ទាំងផ្សព្វផ្សាយ និង កម្មវិធីឆ្លើយសំណួរប្រចាំសប្តាហ៍ចំនួន ១ ៤៩៤, រៀបចំវីដេអូចំនួន ៨៩, រៀបចំកិច្ចសម្ភាសន៍ថ្នាក់ដឹកនាំចំនួន ៦ រូប, រៀបចំកិច្ចសម្ភាសន៍មន្ត្រី ជំនាញចំនួន ៥ រូប, រៀបចំកិច្ចសម្ភាសន៍ម្ចាស់អាជីវកម្មចំនួន ៥ រូប, រៀបចំ និង ចូលរួមសិក្ខាសាលា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ចំនួន ៨៨, រៀបចំកម្មវិធីជជែកវែកញែក «ពីនេះពីនោះរឿងស្នើសុំធ្វើអាជីវកម្ម» រដូវកាលទី ១ និងរដូវកាលទី២ ដោយផ្សាយផ្ទាល់ចំនួន ២០ វគ្គ, កែសម្រួល និង បន្ថែមខ្លឹមសារលើ ថ្នាលធុរកិច្ច (business.gov.kh) និងបានបោះពុម្ពជាបន្តបន្ទាប់នូវព្រឹត្តិបត្រប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ ២០២២, ២០២៣, ២០២៤ និង ២០២៥ សម្រាប់ផ្សព្វផ្សាយពីវឌ្ឍនភាពការងារក្នុងឆ្នាំនីមួយៗ ដោយ បានចែកចាយទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និង សាធារណជន ផងដែរ៕







