វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
15-06-2026 16:07
(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចូលរួមអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»ដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកមុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។
លោក ម៉ែន អេង បានថ្លែងទៅកាន់អង្គពិធីទាំងមូល ដោយបានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកបានបន្ថែមថា ស្របតាមប្រធានបទឆ្នាំនេះ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» គឺពិតជាឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលយុវជនមានជំនាញពិតប្រាកដនឹងទទួលបានឱកាសការងារខ្ពស់ មានលំនឹងសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងខេត្តស្វាយរៀងផ្ទាល់។
លោក ម៉ែន អេង ក៏បានជម្រុញនិងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញបច្ចេកទេសទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាកម្លាំងពលកម្មមានជំនាញខ្ពស់ និងមានភាពប្រកួតប្រជែងនៅក្នុងយុគសម័យឌីជីថល បង្កើតឱកាសមាសសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។
នៅក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត រួមជាមួយគណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញដើរទស្សនាការតាំងពិព័រណ៍ស្នាដៃ និងបច្ចេកវិទ្យារបស់និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង។ នៅក្នុងការតាំងពិព័រណ៍នោះ លោកអភិបាលរងខេត្ត បានបង្ហាញការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិត និងសមត្ថភាពរបស់ប្អូនៗនិស្សិត ដែលបានបង្កើតឡើងនូវសមិទ្ធផលបច្ចេកវិទ្យាទំនើបៗ។
ពិធីអបអរសាទរទិវាជាតិ TVET លើកទី៩ នេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងសាមគ្គីភាពខ្ពស់ ព្រមទាំងបានបន្សល់ទុកនូវរូបភាពអនុស្សាវរីយ៍រួមគ្នាយ៉ាងមានអត្ថន័យ រវាងថ្នាក់ដឹកនាំខេត្ត គណៈគ្រប់គ្រងវិទ្យាស្ថាន និងប្អូនៗយុវជនជំនាន់ក្រោយ៕



































