សូមកុំលក់គណនីធនាគារឱ្យគេ! ឃុំខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធការលក់គណនីធនាគារឱ្យជនឆបោក

15-06-2026 16:20

(ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិក្នុងគ្រុបអស់ទឹកប្រាក់សរុបចំនួន ២៥៣,៩៩៩.៨៩ដុល្លារអាមេរិក ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារថែមទៀតផង។

តាមការស្រាវជ្រាវ កម្លាំងជំនញ បានរកឃើញថា ជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម១នាក់ (ប្រុស) និងជនជាតិខ្មែរ៥នាក់ (ស្រី២នាក់)។

ជនសង្ស័យទាំង៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្ដោះនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស ពីបទ «ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។

នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា ក្រើនរំលឹកដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង។