សិស្សវិទ្យាល័យទួលទំពូង ប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អ គឺ «៣កុំ ១ការពារ»

15-06-2026 16:24

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

អញ្ជើញជាអធិបតីក្នុងពិធីនោះលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អ គឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់អត្ថន័យគោលការណ៍ទម្លាប់ល្អ«៣កុំ ១ការពារ» យ៉ាងដូច្នេះថា៖ កុំទី១ គឺកុំទាន់ជឿ ពោលគឺបើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។ រីឯកុំទី២ គឺកុំទាន់ចែករំលែក (Share) នោះគឺកុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទីសិន ដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់ បើមិនច្បាស់លាស់... កុំចែករំលែកបន្ត! កុំទី៣គឺ កុំប្រហែស ពោលគឺត្រូវការពារលេខសម្ងាត់(password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណ(លីង/link) ប្លែកៗ ដែលមិនស្គាល់ប្រភព។ ចំណែកឯ ១ការពារ គឺយើងរួមគ្នាការពារសហគមន៍ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកតែប្រភពព័ត៌មានផ្លូវការ ដែលផ្តល់ព័ត៌មានពិតទុកចិត្តបាន។

ក្នុងឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានអប់រំយុវសិស្សឱ្យយល់ច្បាស់ពីតម្លៃ ព្រមទាំងតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៅក្នុងយុគសម័យឌីជីថល។ យុទ្ធនាការនេះបានជួយឱ្យសិស្សានុសិស្សមើលឃើញច្បាស់ពីតួនាទីស្នូលនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ក្នុងការធានាសិទ្ធិទទួលព័ត៌មាន ហើយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពិត ទាន់ហេតុការណ៍ និងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបានដាស់តឿនសិស្សានុសិស្សដូច្នេះថា៖ «សូមក្មួយៗបោះបង់ទម្លាប់ 'ប្រើប្រាស់អសកម្ម' ដែលងាយជឿតាមគេ និងងាយរងគ្រោះថ្នាក់ ហើយងាកមកពង្រឹងសមត្ថភាពត្រិះរិះពិចារណា ដើម្បីក្លាយជា 'កម្លាំងចលករ' ដ៏វៃឆ្លាតក្នុងការគ្រប់គ្រងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ដល់ការសិក្សា និងបង្កើនភាពធន់ទប់ទល់នឹងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ»។

នាឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡា អ្នកគ្រូលោកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យទួលទំពូងទាំងអស់បានប្រកាសគាំទ្រចំពោះ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ របស់ក្រសួងព័ត៌មាន ព្រមទាំងបានប្តេជ្ញាផ្លាស់ប្តូរឥរិយាបថមកជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីរួមគ្នាការពារសន្តិសុខព័ត៌មាន ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមអនឡាញ ដែលកំពុងយាយីដល់សណ្តាប់ធ្នាប់សង្គមជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។

សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បាននឹងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕