មេសហព័ន្ធស្រូវអង្ករថា កម្ពុជានឹងសម្រេចបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំ២០២៦នេះ (Video inside)
15-06-2026 16:29
(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ មានសុទិដ្ឋិនិយមថា «ផែនការនាំអង្ករចេញរបស់កម្ពុជាឱ្យបាន១លានតោន» នឹងអាចសម្រេចបាននៅចុងឆ្នាំ២០២៦នេះ ក្រោយពីសន្ទុះនៃចេញនាំចេញកើនឡើងគួរឱ្យកត់សម្គាល់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធសហគ្រាសពាណិជ្ជកម្មកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានដាក់ក្តីរំពឹងបែបនេះ ដោយលោកកត់សម្គាល់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានជិត ៥៧ម៉ឺនតោនដោយ ទទួលបានចំណូល ៣២៧លានដុល្លារ ហើយថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំសហព័ន្ធស្រូវអង្ករកម្ពុជា នឹងខិតខំជំរុញការនាំចេញអង្ករ ឱ្យបានគ្រប់តាមផែនការ។
លោកបានបញ្ជាក់ថា កត្តាដែលនាំឱ្យកម្ពុជាមានលទ្ធភាពនាំចេញអង្ករបានច្រើននៅឆ្នាំនេះ ដោយសារកម្ពុជាមានស្រូវច្រើន សម្រាប់កិនជាអង្ករនាំចេញ ស្របពេលដែលទីផ្សារផ្សេងៗ ដូចជា ទីផ្សារហ្វីលីពិន និងចិន មានការកើនឡើងខ្ពស់។
លោកបន្ថែមថា «យើងមានសុទិដ្ឋិនិយមខ្ពស់ បើសិនយើងធ្វើការរួមគ្នាសហការគ្នា ដើម្បីជំរុញបរិមាណអង្ករ ដែលនៅសល់ប្រមាណជាង ៤០ម៉ឺនតោន ក្នុងរយៈពេល៦ខែចុងក្រោយ។ យើងរំពឹងថាយើងនឹងអាចសម្រេចបានទៅលើគោលដៅនាំចេញ១លានតោន ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ»។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន កើនឡើង ៤៥.៥៩% បើធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានទឹកប្រាក់ប្រមាណ ៦០២.៤១ លានដុល្លារ កើនឡើង ២២.៦៤%៕








