អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ បង្ហាញពីគុណសម្បត្តិនៃការចូលជាភាគី UCLOS (Video inside)
15-06-2026 16:36
(ភ្នំពេញ)៖ នៅខណៈពេលដែលកម្ពុជាកំពុងដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ស្របតាមច្បាប់សមុទ្រ ឬ UNCLOS លោកបណ្ឌិត មាស បូរ៉ា អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ បានបង្ហាញឲ្យដឹងអំពីគុណតម្លៃនៃ UNCLOS ដែលមានដូចជា៖ សិទ្ធិទទួលបានតំបន់សមុទ្រដែនដី១២ម៉ាល, សិទ្ធិឆ្លងកាត់ដោយគ្មានការបង្កបញ្ហា (inn ocent passage) តាមសមុទ្រដែនដី..., ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអភិវឌ្ឍសមុទ្រ, អាចចាត់តាំងប្រជាពលរដ្ឋខ្មែរ ជាចៅក្រមតុលាការសមុទ្រ ឬជាមជ្ឈត្តករ។ ទទួលបានជំនួយបច្ចេកទេស ពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (មាត្រា១៤៤)។
ជាងនេះទៅយន្តការដោះស្រាយជម្លោះ តាមយន្តការផ្សះផ្សាដោយបង្ខំនេះមិនអាចទៅរួចនោះទេ ប្រសិនជាកម្ពុជាមិនបានចូលជាភាគី UNCLOS។ ជាងនេះទៅទៀតគឺទទួលបានផលលាភពីការអភិវឌ្ឍតំបន់បាតសមុទ្រជ្រៅ (សម្រាប់គ្រប់ប្រទេស) ស្របតាមមាត្រា១៤០ នៃ UNCLOS និងផលទាញបានពីការអភិវឌ្ឍក្នុងតំបន់ហួស២០០ម៉ាល។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត មាស បូរ៉ា។
អ្នកស្រាវជ្រាវរូបនេះ បានបញ្ជាក់ទៀត កាតព្វកិច្ច SDGs លេខ១៤ ជីវិតក្រោមសមុទ្រ (Blue Economy) ក៏ជាគុណសម្បត្តិមួយទៀត ដែលកម្ពុជាក្នុងនាមជាភាគីទទួលយក UNCLOS អាចទទួលបានដែរ។ ក្នុងនាមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ លោកបណ្ឌិត មាស បូរ៉ា យល់ឃើញថា សមុទ្រ ដូចជាដែនដី ដែលផ្តល់ប្រយោជន៍ច្រើន ដូចនេះ ដើម្បីចូលរួមអនុវត្ត UNCLOS ត្រូវការច្បាប់ ធនធានមនុស្ស និងឆន្ទះស្រឡាញ់សមុទ្រ ផ្តោតលើសមុទ្រ ការពារបរិស្ថាន អភិវឌ្ឍសមុទ្រ ដោយចេរភាព និងតាមច្បាប់ជាធរមាន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










