សហគមន៍តំបន់ការពារធម្មជាតិ៥៣ បាននឹងកំពុងផ្តល់សេវាកម្ម ជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយសមាជិកជាង ១ម៉ឺន ៣ពាន់គ្រួសារ ទទួលផលដោយផ្ទាល់
15-06-2026 16:37
(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិ ក្រសួងបរិស្ថាន បានបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន១៩៤ ដែលមានសមាជិកចំនួន ៧៣ ២៣៧គ្រួសារ ចូលរួមគ្រប់គ្រងព្រៃឈើសរុបទំហំ ៣៣ ២១៧៤ហិកតា ហើយក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាននឹងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ១៣ ៩៧១គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន៧៧ ឃុំ៥៣ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។
នាឱកាសនោះលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការរបស់ក្រសួងបរិស្ថាន បាននឹងកំពុងដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាក្នុងការចូលរួមអភិរក្សតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ប្រកបដោយនិរន្តរភាព តាមរយៈការបង្កើតយន្តការរួមចំណែកក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដែលមានសារៈសំខាន់ជាសារវន្ត។
លោកស្រី ម៉ុម ថានី បានបន្តថា ដើម្បីធានាដល់ការអភិវឌ្ឍដោយចីរភាព ពិសេសការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជជាតិ ជាពិសេសតាមរយៈការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ទេសចរណ៍ ការថែរក្សា អភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធមម៌ ការទាញយកសក្តានុពល ដើម្បីរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិ ការទាញយកអនុផលព្រៃឈើ និងការបង្កើតជម្រើសមុខរបរ និងសកម្មភាពសេដ្ឋកិច្ចសង្គម ដែលមានមេត្រីភាពនឹងការងារអភិរក្ស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប្រកបដោយចីរភាព។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបន បានបញ្ជាក់ថា សម្រាប់អភិវឌ្ឍន៍សហគមន៍មូលដ្ឋានគឺ៖ «ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ មានសុខុមាលភាព ជីវភាពល្អប្រសើរ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព និងបរិយាប័ន្នឆ្ពោះទៅសម្រេចបាននូវសេដ្ឋកិច្ចអព្យាក្រឹតកាបូននៅឆ្នាំ២០៥០» និងមានគោលបំណងជាយុទ្ធសាស្រ្តចំនួន៣ គឺ១៖ លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការរស់នៅស្អាតរបស់ប្រជាសហគមន៍ តាមរយៈការ បន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលស្អាត, ២៖ លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការបង្កើនប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងជម្រើសមុខរបរសមស្រប និង៣៖ ពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ តាមរយៈការពង្រីកគម្របព្រៃឈើ និងការលើកកម្ពស់តម្លៃនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់។
លោកស្រីបានបន្ថែមថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋានយ៉ាងណាម៉ិញការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋាន ផងដែរ ពីព្រោះថាពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាននឹងកំពុងប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមលោកបណ្ឌិត កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថាន បានដឹកនាំសហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុងទីតាំងរមណីយដ្ឋានសហគមន៍រួមាន៖ ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ កញ្ចុះលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។
លោកបណ្ឌិត កែន សេរីរដ្ឋា បានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាននឹងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិប្រមាណ ៩០០ ០០០ ទៅ ១ ០០០ ០០០នាក់ ក្នុង១ឆ្នាំ និងមានការកើនឡើងប្រមាណ១៥% ប្រចាំឆ្នាំ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាប្រមាណ ៨០០ ០០០ដុល្លារ ទៅ១ ០០០ ០០០ដុល្លារ ប្រចាំឆ្នាំ (ដោយមិនទាន់គិតពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) ក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤៤០០នាក់។
ចំពោះលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោង CSLEP បានឱ្យដឹងថា តំបន់សក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិចំនួន ១៣៧កន្លែង ក្នុងនោះមានតែ៥៣ កន្លែងប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិដោយគ្របដណ្តប់លើទំហំផ្ទៃដីចំនួន ៧១ ៨១៧ហិកតា មានអ្នកចូលរួម ១៣ ៩៧១គ្រួសារ កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។
គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ក្រោមវត្តមានលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គភាពចំណុះក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធប្រមាណ ២៥០នាក់៕

















