បណ្ឌិត ម៉ុង ឫទ្ធី សុំឱ្យអ្នកលួចនាំសាច់បង្កកពីក្រៅប្រទេស ងាកមកចូលរួមផលិត និងកែច្នៃផលិតផលក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ (Video inside)
15-06-2026 17:02
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានថ្លែងបញ្ជាក់ថា ការលួចនាំចូលជង្គង់មាន់ និងសាច់បង្កកពីបរទេសទាំងមិនដឹងប្រភពមកលក់ឱ្យប្រជាពលរដ្ឋហូប នាំឱ្យកើតមានជំងឺដូចនេះលោកមិនធ្វើជាដាច់ខាត និងបានស្នើឱ្យអ្នកមានលុយលួចនាំសាក់បង្កកមកពីក្រៅប្រទេស ងាកមកចូលរួមផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋវិញ។
លោកបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងដូចនេះនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលមហាគ្រួសារចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរដែនដី លោកឧកញ៉ា លោក លោកស្រី បងប្អូនកសិករ អ្នកចិញ្ចឹមសត្វ អ្នកដាំដុះ ដៃគូអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀតផងដែរ។
ពាក់ព័ន្ធនឹងរឿងការលួចនាំចូលសាច់បង្កកពីក្រៅប្រទេសរបស់ក្រុមឈ្មួញមួយចំនួន លោកបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំអត់ដឹងថាគេនាំមកពីណានោះទេ ខ្ញុំមិនមែនជាសមត្ថកិច្ច, ប៉ុន្តែចំពោះខ្ញុំ គំនិតគេផ្សេង ខ្ញុំផ្សេង បើខ្ញុំវិញមានលុយទៅនាំជង្គង់មាន់ សាច់បង្កកពីបរទេស យកមកឱ្យប្រជាជនស៊ី ឱ្យឈឺចឹង ខ្ញុំមិនធ្វើទេ»។
លោកបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា លោកកំពុងធ្វើយ៉ាងណាឱ្យមានទាំងសាច់ ទាំងពង ទាំងចំណីទាំងអស់ប្រកបដោយគុណភាព និងតម្លៃធូថ្លៃ ដើម្បីប្រជាពលរដ្ឋហូបហើយ គឺធានាបានសុខភាពល្អ។
បណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់ទៀតថា បើមានលុយហើយចាំបាច់អីទៅនាំសាច់បង្កកពីក្រៅប្រទេស មកលក់ឱ្យប្រជាពលរដ្ឋដូចនេះ អាចងាកមកចូលរួមផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អវិញ។ តើចាំបាច់អីទៅនាំសាច់បង្កកដែលយើងមិនដឹងប្រភព ដែលសាច់ខ្លះអាចជាប្រភេទសាច់ដែលមានរោគ ដែលពលរដ្ឋហូបហើយនាំឱ្យកើតមានជំងឺ៕











