ក្រុមប្រឹក្សាធម្មនុញ្ញ មានអាយុ ២៨ឆ្នាំហើយ

15-06-2026 17:06

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារ ស វិមានរដ្ឋចំការមន បានប្រារឰពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦) និងការបំពាក់គ្រឿងឥស្សរិយយស ក្រោមអធិបតីភាពលោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អមដោយវត្តមានសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ទកាល័យ មន្ត្រីអគ្គលេខាធិការដ្ឋាន និងភ្នាក់ងារជាតិជាប់កិច្ចសន្យាប្រមាណជាង ១០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ការប្រារព្ធ ពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦) និងការបំពាក់គ្រឿងឥស្សរិយយស នាថ្ងៃនេះ គឺដើម្បីបង្ហាញនូវជំហានវឌ្ឍនភាពតាមដំណាក់កាលនីមួយៗ គួរឲ្យកត់សម្គាល់នូវសមិទ្ធផល និងស្នាដៃទាំងឡាយ ក្នុងការកសាង និងអភិវឌ្ឍស្ថាប័នឱ្យមានកិត្យានុភាពរបស់ស្ថាប័នកំពូលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលសម្រេចបានទាំងអស់នេះ អាស្រ័យដោយមានការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន សមាជិក សមាជិកាក្នុងអាណត្ដិនីមួយៗ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលមានស្មារតីរួមគ្នា លើកទិសដៅ និងអនុវត្ដការងារ សមេ្រចឧត្ដមគតិរួមរបស់យើង គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័នកំពូលឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ ជាក់ស្តែង រួមមាន ()ការការពារសិទ្ធិសេរីភាពជាសារវន្ត () ការធានាការគោរពគោលការណ៍នីតិរដ្ឋ () ការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ។

ជាងនេះទៅទៀត ក្រៅតែពីសមត្ថកិច្ចគោល ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចនូវសមិទ្ធផលស្នាដៃដ៏ត្រចះត្រចង់នាំមកនូវកិត្យានុភាពជូនស្ថាប័ន គឺការរៀបចំប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៣ និងការកសាងវិមានរដ្ឋធម្មនុញ្ញ ជា នីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋ និងការសម្ពោធវិមាននាឆ្នាំ២០២៤ ដែលពិធីជាប្រវត្តិសាស្ត្រទាំងពីរនេះ បានត្រូវប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកប្រធាន ក៏បានថ្លែងបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន បានដាក់ចេញនូវគោលការណ៍ជំរុញបន្ថែមលើគោលការណ៍ដែលមានស្រាប់នោះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះរួមមាន៖

*១៖ ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការក្រៅតែពីការឧបត្ថម្ភគាំទ្រដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទៅបន្តការសិក្សានៅក្រៅប្រទេស និងចាត់បញ្ជូនមន្ត្រីទៅរៀនវគ្គបណ្តុះបណ្តាលវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខាងហិរញ្ញវត្ថុ ក្រុមប្រឹក្សាធម្មនុញ្ញនៅបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់លើប្រធានបទនានា ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន ក្នុងនោះក៏មានការអញ្ជើញជំនាញការបរទេសមកធ្វើបទឧទ្ទេសនាមផងដែរ។ ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់ សមាជិក សមាជិកានៃ ក្រុមប្រឹក្សាធម្មនុញ្ញ ជួយចូលរួមគាំទ្រកិច្ចការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការផ្តល់នូវបាឋកថាតាមលទ្ធភាពនៃពេលវេលា,

*២៖ ការជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចការសិក្សាស្រាវជ្រាវលើប្រធានបទនានាទាក់ទងនឹងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើពិធីផ្សព្វផ្សាយអំពី របកគំហើញថ្មីទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា ជាពិសេស គឺតុលាការធម្មនុញ្ញ ដែលត្រូវបានបង្កើតនៅក្នុងសម័យសាធារណខ្មែរ និងតឹកតាងថ្មីអំពីអត្ថិភាពនៃសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កម្ពុជាចំនួន២០នាសម័យនោះ។

*និង៣ការងារបន្តការលើកកម្ពស់កិត្យានុភាពស្ថាប័ន ជារួម សមិទ្ធផលស្នាដៃ ដែលសម្រេចបានទាំងអម្បាល គឺជាមរតកធនធានដ៏ថ្លៃថ្លា ដែលក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបន្តវេន ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវគោរពថែរក្សា និងបន្តអនុវត្តពង្រឹងពង្រីកឱ្យកាន់តែមានភាពស្តុកស្តម្ភឡើង។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ដើម្បីលើកទឹកចិត្តដល់ការខិតខំបម្រើការងារ ប្រកបដោយស្នាដៃល្អ ក្នុងការបំពេញសមត្ថកិច្ចការការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ញ៊ាំងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញឱ្យទទួលបានលទ្ធផលល្អប្រសើរជាច្រើនកន្លងមក ជាការលើកទឹកចិត្ត និងឱ្យសក្តិសមនឹងគុណសម្បត្តិខាងលើលោកប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានផ្តល់កិត្តិយសបំពាក់ គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ទកាល័យ មន្ត្រីអគ្គលេខាធិការដ្ឋាន និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ចំនួន៦៨រូប៕