វិទ្យាស្ថានស្តង់ដារកម្ពុជា ជំរុញឱ្យក្រុមហ៊ុនដែលនាំចូលម៉ាស៊ីនត្រជាក់ ចុះបញ្ជីឱ្យបានត្រឹមត្រូវ និងប្រើប្រាស់សញ្ញាសុវត្ថិភាពផលិតផល

15-06-2026 17:37

(ភ្នំពេញ)៖ វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីសម្រាប់ប្រើសញ្ញាសុវត្ថិភាពផលិតផលអគ្គិសនី និងអេឡិចត្រូនិច ដើម្បីធានាឱ្យមានសុវត្ថិភាពពិតប្រាកដ បង្ការភាពមហន្តរាយដល់ទ្រព្យសម្បត្តិមនុស្សជាតិ និងបង្ការភាពមហន្តរាយដែលប៉ះពាល់ជាសាធារណៈ ដល់ក្រុមហ៊ុនឯកជន ដែលនាំចូលម៉ាស៊ីនត្រជាក់មកចែកចាយក្នុងទីផ្សារកម្ពុជាត្រូវមកចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារឱ្យបានត្រឹមត្រូវនិងប្រើប្រាស់សញ្ញាសុវត្ថិភាពផលិតផលទាំងអស់គ្នា។

លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ម៉ាស៊ីនត្រជាក់ គឺជាផ្នែកមួយនៃសម្ភារដែលប្រើប្រាស់ក្នុងផ្ទះ ដូច្នេះជាគោលការណ៍ត្រូវការស្តង់ដាររួមមួយក្នុងការអនុវត្ត។លោកបន្តថាកន្លងមក ការអនុវត្តមានការយោគយល់ច្រើន ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺដល់ដំណាក់កាលហើយដែលកម្ពុជាត្រូវពង្រឹងបញ្ហានេះ។

លោកបញ្ជាក់ថា កន្លងមកមានក្រុមហ៊ុនមួយចំនួនបានចុះបញ្ជី និងបានអនុវត្តប្រើប្រាស់សញ្ញាសុវត្ថិភាពផលិតផលបានត្រឹមត្រូវ និងបានអនុលោមភាពលើការនាំចូលម៉ាស៊ីនត្រជាក់ ប៉ុន្តែនៅមានក្រុមហ៊ុនជាច្រើនទៀតមិនទាន់បានអនុវត្តនៅឡើយ ហេតុនេះ ហើយ ត្រូវតែអនុវត្តឱ្យបានស្មើគ្នា។

បន្ថែមពីនេះ លោក ខៀវ វិចិត្រ ប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនមួយចំនួនដែលមានស្មារតីក្នុងការគោរពច្បាប់ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀត មានស្មារតីគោរពច្បាប់ទាំងអស់គ្នា ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលអគ្គិសនី និងអេឡិចត្រូនិច ប្រកបដោយ សុវត្ថិភាព។

លោកបញ្ជាក់ថា រាល់ផលិតផលម៉ាស៊ីនត្រជាក់ដែលដាក់លក់នៅលើទីផ្សារ គឺតម្រូវឱ្យចុះបញ្ជីឱ្យបានត្រឹមត្រូវ និងប្រើប្រាស់សញ្ញាសុវត្ថិភាពផលិតផល៕