ក្រសួងសង្គមកិច្ច​ ប្តេជ្ញាចិត្តជំរុញការអនុវត្ត «បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ និងប្រែក្លាយអនុសាសន៍នៃរបាយការណ៍ ស្តីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារនៅកម្ពុជាចន្លោះ ពីឆ្នាំ២០១៥˗២០២៤» ទៅជាការអនុវត្តជាក់ស្តែងដើម្បីធានាថាកុមារត្រូវបានការពារ និងទទួលបានឧត្តមប្រយោជន៍ពេញលេញ

15-06-2026 17:43

(ភ្នំពេញ)៖ លោក តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច​ ប្តេជ្ញាចិត្តជំរុញការអនុវត្តបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ និងប្រែក្លាយអនុសាសន៍នៃរបាយការណ៍ ស្តីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារនៅកម្ពុជាចន្លោះ ពីឆ្នាំ២០១៥˗២០២៤ ទៅជាការអនុវត្តជាក់ស្តែង ដើម្បីធានាថាកុមារត្រូវបានការពារ និងទទួលបានឧត្តមប្រយោជន៍ពេញលេញ។

លោកបានថ្លែងបែបនេះ ខណៈលោកអញ្ជើញជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារនិងរបាយការណ៍ស្តីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារនៅកម្ពុជា ចន្លោះពីឆ្នាំ២០១៥˗២០២៤ រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

លោកបានបន្តឲ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការថែទាំជំនួសចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារនៅឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនទៀត។ ជាបន្តបន្ទាប់ ដើម្បីចូលរួមអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល វិស័យថែទាំជំនួសនៅកម្ពុជាត្រូវបានធ្វើកែទម្រង់ តាមរយៈការដាក់ចេញនូវអនុក្រឹត្យលេខ១១៩ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ និងអនុក្រឹត្យលេខ៣៤ ស្តីពីការប្រគល់មុខងារ «ការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ» ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារ «ការត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល» ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារ «ការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍» ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ជាមួយនឹងការប្ដេជ្ញាចិត្តដែលទទួលស្គាល់នូវសារសំខាន់នៃគ្រួសារថាជាមជ្ឈដ្ឋានធម្មជាតិសម្រាប់ការធំលូតលាស់ ការអភិវឌ្ឍ និងសុខភាពរបស់កុមារ។

នៅក្នុងឪកាសនោះដែរ លោក អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច បានឲ្យដឹងថា ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការយូនីសេហ្វ ប្រចាំកម្ពុជា រៀបចំរបាយការណ៍ស្តីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារនៅកម្ពុជា ឆ្នាំ២០១៥-២០២៤ ជារបាយការណ៍ដែលមានលក្ខណៈវិភាគស្ថានភាព និងនិន្នាការនៅក្នុងកន្លែងថែទាំកុមារនៅទូទាំង២៥រាជធានី ខេត្ត នៃប្រទេសកម្ពុជា ព្រមទាំងកុមារដែលកំពុងរស់នៅក្នុងកន្លែងថែទាំទាំងអស់ ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២៤។

លោកបន្តថា របាយការណ៍នេះផ្ដល់ព័ត៌មានសំខាន់ៗ សម្រាប់ពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពស្តីពី ការពង្រឹងការថែទាំកុមារ គោលនយោបាយ និងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមាររួមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ របាយការណ៍នេះប្រើប្រាស់ប្រភពទិន្នន័យពីរបាយការណ៍ស្ដីពីការកំណត់ទីតាំងកន្លែងថែទាំកុមារនៅឆ្នាំ២០១៥ និងទិន្នន័យអធិការកិច្ចប្រចាំឆ្នាំ ពីប្រព័ន្ធគ្រប់គ្រងព័ត៌មានអធិការកិច្ច ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។

លោកស្រី Marianna Garofalo ប្រធានផែ្នកកិច្ចការពារកុមាររបស់អង្គការយូនីសេហ្វ បានបញ្ជាក់ថា អង្គការ UNICEF នៅតែប្តេជ្ញាបន្តធ្វើការរួមគ្នាជាមួយក្រសួងសង្គមកិច្ច និងដៃគូអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដើម្បីរួមចំណែកក្នុងលើកម្ពស់ការថែទាំកុមារ ជាពិសេសកាថែទាំជាលក្ខណៈគ្រួសារនិងសហគមន៍។ លោកស្រីបន្តថា កុមាររាល់រូប ត្រូវការនិងសមនឹងទទួលបានការថែទាំ ជាគ្រួសារ មានបរិយាកាសសុវត្ថិភាពនិងអនាគតភ្លឺស្វាង។ ឯកសារដែលយើង ផ្សព្វផ្សាយនាថ្ងៃនេះ និងជួយយើងធ្វើការរួមគ្នា ដើម្បីធានាថា កុមារទាំងអស់នៅកម្ពុជា ត្រូវបានការពារគោរព និងទទួលបានក្ដីស្រឡាញ់។

បន្ថែមពីលើនេះ លោក តូច ចាន់នី បានផ្តល់ការណែនាំជាអនុសាសន៍មួយចំនួនដើម្បីបន្តដោះស្រាយបញ្ហាកិច្ចការពារកុមារ និងធានាថាកុមារគ្រប់រូប រស់នៅក្នុងបរិយាកាសប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សុមង្គល និងទទួលបាននូវសិទ្ធិពេញរួមមាន៖

១៖ ជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការ និងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីមានវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពាល់ដល់កុមារ។

២៖ ជំរុញការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចមានចែងក្នុងអនុក្រឹត្យលេខ៣៤ នីតិវិធីប្រតិបត្តិស្តីពីកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សានៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍តាមរយៈស្មុំកូន។

៣៖ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ តាមរយៈធ្វើអធិការកិច្ចកន្លែងថែទាំជំនួសជាទៀងទាត់ ដើម្បីធានាថារាល់សេវាថែទាំ ជំនួសទាំងអស់អនុវត្តតាមគោលនយោបាយ និងបទដ្ឋានដែលបានកំណត់ ។

៤៖ សូមអំពាវនាវ និងណែនាំដល់អង្គការ សមាគមមិនមែនរដ្ឋាភិបាលដែលផ្តល់សេវាថែទាំជំនួសចំពោះកុមារទាំងអស់ ជាពិសេសមណ្ឌលថែទាំកុមារ ត្រូវចុះបញ្ជីទទួលស្គាល់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១១៩ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាមនីតិវីធីដែលមានជាធរមាន៕