កូនក្ដាមសេះ ៨៥ម៉ឺនក្បាល ត្រូវបានលែងចូលសហគមន៍នេសាទខេត្តកំពត តាមរយៈគម្រោង CamAdapt (Video inside)
15-06-2026 18:50
(កំពត)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីលែងកូនក្ដាមសេះ ៨៥ម៉ឺនក្បាល ចូលសហគមន៍នេសាទនៅខេត្តកំពត ដើម្បីគាំទ្រ និងស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ តាមរយៈគម្រោង CamAdapt។
ពិធីនេះ រៀបចំឡើងក្រោមអធិបតី លោក ឃុន សាវឿន រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ងិន សុនាថ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា, លោក តេង វ៉ាន់ធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រួមជាមួយសមាជិក សហគមន៍នេសាទជាច្រើនរូបផងដែរ។
ពិធីលែងកូនក្ដាមសេះនាថ្ងៃនេះ ជាសកម្មភាពជាក់ស្តែងក្នុងការរួមចំណែកស្តារ និងបង្កើតផលស្តុកសម្រាប់ «ធនាគារក្តាមសេះ» នៅក្នុងតំបន់ឆ្នេរប្រកបដោយចីរភាព ជាទ្រព្យសម្បត្តិរួម ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា និងជាកន្លែងសម្រាប់មេពូជក្តាមមានឱកាសជម្រុះកូន និងរីកលូតលាស់ដោយសុវត្ថិភាព មុននឹងឈានទៅដល់ការប្រមូលផលប្រកបដោយការទទួលខុសត្រូវ។
គម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា (Climate Adaptation and Resilience in Cambodia's Coastal Fisheries Dependent Communities) (CamAdapt) គឺជាគម្រោងមួយដែលបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។
គម្រោងនេះផ្តោតលើការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការកែលម្អការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព នៅក្នុងខេត្តជាប់តំបន់ឆ្នេរទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។
គម្រោង CamAdapt ត្រូវបានអនុវត្តឡើងក្រោមជំនួយហិរញ្ញប្បទានរបស់មូលនិធិបរិស្ថានសកល (GEF) និងជំនួយបច្ចេកទេសពី អង្គការ FAO ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អាជ្ញាធរមូលដ្ឋាន, សហគមន៍នេសាទ, និងសហគមន៍តំបន់ការពារធម្មជាតិ។
គម្រោងនេះធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិនៅតាមតំបន់ឆ្នេរ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដោយផ្អែកលើសហគមន៍ ការកែលម្អជីវភាពរស់នៅ និងការបង្កើនសមត្ថភាពស្ថាប័នមូលដ្ឋានក្នុងការរៀបចំផែនការ តាមដាន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។
គម្រោង CamAdapt ក៏បានផ្តល់អាទិភាពខ្ពស់លើសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីតាមរយៈសកម្មភាពសំខាន់ៗជាច្រើន ដើម្បីបើកឱកាសដល់ស្ត្រីអាចមានជំនាញច្បាស់លាស់ បង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ និងសហគមន៍។
គម្រោងនេះសញ្ជាក់ឱ្យឃើញថា សកម្មភាពដែលដឹកនាំដោយសហគមន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលពីស្ថាប័នរដ្ឋ (ដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អាចការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ជួយពង្រឹងជីវភាពរស់នៅ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ គម្រោង CamAdapt ចង់ប្រែក្លាយតំបន់ឆ្នេរនៃប្រទេសកម្ពុជា (ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង) ឱ្យមានភាពរីកចម្រើនប្រកបដោយចីរភាព ដែលក្នុងនោះការបន្ស៊ាំនឹងអាកាសធាតុ ការស្តារប្រព័ន្ធអេកូឡូស៊ី (ដូចជាព្រៃកោងកាង និងស្មៅសមុទ្រ) ជលផលប្រកបដោយចីរភាព និងជីវភាពសហគមន៍ ត្រូវបានដោះស្រាយរួមគ្នា ដើម្បីកសាងអនាគតដ៏រឹងមាំ និងមានចីរភាព៕










