រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត
15-06-2026 20:00
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្ដីការ ក.ប.ទ.។
ថ្លែងក្នុងជំនួប លោករដ្ឋមន្រ្តី បានគូសរំលេចអំពី វឌ្ឍនភាពនិងសមិទ្ធផលលើការងារបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការរៀបចំតាក់តែងគោលនយោបាយនិងលិខិតបទដ្ឋាន យន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានផ្តល់ការណែនាំឱ្យមានការគិតគូរលើការរៀបចំតាក់តែងផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម ក្នុងការអភិវឌ្ឍថ្នាល ការធ្វើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍនិងទាញយកផលប្រយោជន៍ ពីការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យានេះ៕












