មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ ខេត្តសៀមរាប រយៈពេល ៥ខែ ធ្វើតេស្តសមត្ថភាពពលករ ជាង ១ពាន់នាក់
15-06-2026 21:00
(សៀមរាប)៖ លោក មឿន ថាណាក់ នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ទទួលបន្ទុកមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ ក្នុងខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០៥ខែ ដោយចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦មក មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ ខេត្តសៀមរាប បានធ្វើការតេស្តសមត្ថភាពពលករប្រមាណជា ១ ០៩៣នាក់ ស្រី៤០នាក់។
ការថ្លែងបែបនេះនៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានប្រគល់វិញ្ញាបនបត្រដល់ពលករយើងមួយចំនួនផងដែរ។
លោកបានបន្តថា ការធ្វើតេស្តសមត្ថភាពនេះ មានចំនួន ៧ជំនាញ រួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ, ការងាររន្ទា និងការដំឡើងសរសៃដែក។ លោកបន្តថា ការធ្វើតេស្តនេះពិតជាមានណាស់សម្រាប់ពលករយើង ព្រោះពួកគាត់បានទៅធ្វើការនៅប្រទេសគេជាច្រើនឆ្នាំ ប៉ុន្តែមិនមានអ្វីសម្គាល់ថា ពួកគាត់ពិតជាមានជំនាញនោះដែរ។
លោកបន្តទៀតថា រាជរដ្ឋាភិបាលបានផ្តល់យុទ្ធសាស្រ្តមួយ ដើម្បីគាំទ្រ និងជួយពួកគាត់តាមរយៈក្រសួងការងារ បានបង្កើតមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ ក្នុងគោលបំណងដើម្បីទទួលស្គាល ដោយតេស្តពួកគាត់ នឹងផ្តល់ជំនាញមួយពិតប្រាកដដល់ពលករយើង ដែលមកពីប្រទេសថៃ។ ការធ្វើតេស្តនេះតែរយៈពេល ០៣ម៉ោងប៉ុណ្ណោះ ដោយពួកគាត់គ្រាន់តែមកខ្លួន ចំពោះសម្ភារៈ និងឧបករណ៍ទាំងអស់ រាជរដ្ឋាភិបាលចេញជូនរួចជាស្រេច។
លោក មឿន ថាណាក់ បានបញ្ជាក់ថា ការតេស្ត និងវាយតម្លៃនេះ អ្នកផ្តល់ពិន្ទុ គឺមកពីវិស័យឯកជនទាំងអស់ ដោយពួកគាត់មានអាជីវកម្មផ្ទាល់ខ្លួន ហើយពួកគាត់ ក៏ជាសមាជិកគណៈវិស្វករកម្ពុជា ដែលមកពីតាមបណ្តារាជធានីខេត្ត ដើម្បីផ្តល់ពិន្ទុដល់ពលករយើង។ បន្ទាប់ពីបញ្ចប់ការវាយតម្លៃ យើងបង្កើតជាក្រុម Telegram និង Facebook ដើម្បីសម្របសម្រួលស្វែងរកការងារឲ្យពួកគាត់ ឬក៏អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដែលជាលេខរបស់ក្រសួងការងារ។
លោក មាស ចំរើន វិស្វករអាជីពមកពីគណៈវិស្វករកម្ពុជា បានលើកឡើងថា តាមពិតទៅពួកគាត់មានជំនាញរួចហើយ ការធ្វើតេស្តនេះ គឺដើម្បីទទួលបានវិញ្ញាបនបត្រ និងងាយស្រួលរកការងារធ្វើ។ ការតេស្តនេះ មុនដំបូងពួកគាត់ត្រូវមើលប្លង់ និងធ្វើការដំឡើងពុម្ព ព្រមទាំងការដំឡើងបណ្តាញផ្សេងៗជាក់ស្តែង បន្ទាប់មកយើងមានគណៈកម្មាការចំនួន ៣រូប វាយតម្លៃទៅលើការងាររបស់ពួកគាត់ ដើម្បីទទួលស្គាល់ថាពិតជាមានជំនាញពិតប្រាកដ។
ចំណែកលោក ចេង លី ដែលជាពលករមកពីប្រទេសថៃ បានឲ្យដឹងថា លោកបានទៅធ្វើការនៅប្រទេសថៃ ៧ឆ្នាំ ក្នុងការងារសំណង់។ ការដែលមកធ្វើតេស្តនេះ គឺដើម្បីចង់បានវិញ្ញាបនបត្រការងារមួយច្បាស់លាស់ និងងាយស្រួលរកការងារធ្វើ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តលវិញ្ញាបនបត្របញ្ជាក់ពីការងារដល់ពួកគាត់ផងដែរ៕




































