អភិបាលក្រុងតាខ្មៅ បញ្ជាឲ្យក្រុមការងារចុះពិនិត្យករណីមានគេលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់
15-06-2026 21:05
(កណ្ដាល)៖ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាឲ្យក្រុមការងារចុះពិនិត្យមើលទីតាំងមួយកន្លែងដែលកំពុងសាងសង់គ្រឹះជើងតាងរឹងមាំចូលដីចំណីទន្លេបាសាក់ឆាប់ៗនេះ។ ទីតាំងមួយនេះស្ថិតនៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមការឲ្យដឹងពីលោកអភិបាលក្រុង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមការងារនឹងចុះទៅពិនិត្យស្អែកនេះក្រោយពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍ចូលគ្រុបប្រជាជនខេត្តកណ្ដាល ដើម្បីសិក្សាមើលទៅលើភាពជាក់ស្ដែង ព្រោះសំណង់រឹងមាំនេះពុំបានសុំច្បាប់នោះទេ។
ទោះយ៉ាងណា លោកអភិបាលក្រុងអំពាវនាវពលរដ្ឋទាំងអស់ដែលមានបំណងសាងសង់សំណង់រឹងផ្សេងៗ ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយកុំរំលោភយកដីចំណីទន្លេ ឬដីចំណីផ្លូវសាធារណៈ។
គួររម្លឹកថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យមានការរុះរើរាល់សំណង់ទាំងអស់ដែលសាងសង់រំលោភចូលដីសាធារណរបស់រដ្ឋ ហើយរដ្ឋបាលក្រុងតាខ្មៅបាននិងកំពុងអនុវត្តយ៉ាងសកម្មទៅលើលាររំលោភយកដីសាធារណៈមកធ្វើអាជីវកម្ម។ ដោយម្ចាស់សំណង់ជាប់មាត់ទន្លេបែជាឆ្លៀតឱកាសលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់ទៅវិញដែលផ្ទុយពីគោលបំណងរៀបចំក្រុងរបស់រដ្ឋបាលខេត្តកណ្ដាល ៕






