វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីរ៉ង់ដល់ទីបញ្ចប់ហើយមែនឬ?
15-06-2026 21:09
(វ៉ាស៊ីនតោន)៖ ក្រោយចំណាយពេលជាង ២ខែ ក្នុងកិច្ចចរចាដ៏ស្មុគស្មាញ នៅទីបំផុតទៅ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានប្រកាសពីការឈានដល់អនុស្សរណយោគយល់គ្នាមួយ ដើម្បីឈានទៅរក ការបិទបញ្ចប់សង្រ្គាម និងការបើកច្រកសមុទ្រ Hormuz។ ដូច្នេះតើសង្រ្គាមអ៉ីរ៉ង់បានឈានដល់ទីបញ្ចប់ហើយមែនឬ? អនុស្សរណយោគយល់ដែលត្រូវបានប្រកាសដោយភាគីទាំងសងខាង កាលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ត្រូវចំថ្ងៃខួបកំណើតចូលវ័យ៨០ឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកឱកាសរយៈពេល៦០ថ្ងៃឱ្យសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ចរចាគ្នាលើ កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ដែលជាបន្លារនៅក្នុងភ្នែករបស់រដ្ឋាភិបាលអាមេរិកជាច្រើនជំនាន់មកនេះ។ អនុស្សរណៈនេះដែរដែលមិនទាន់ត្រូវបានចេញផ្សាយនៅឡើយត្រូវបានរំពឹងថានឹងត្រូវបាន ចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនា។
ដោយសារតែខ្លឹមសារលម្អិតមិនទាន់ត្រូវបានចេញផ្សាយ គួបផ្សំនឹងការបកស្រាយផ្សេងៗគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ដើម្បីអះអាងពីជ័យជម្នះរៀងៗខ្លួន វាបានបង្កឱ្យមានការសង្ស័យថាមាន បញ្ហាសំខាន់ៗមួយចំនួននៅតែមិនទាន់ត្រូវបានដោះស្រាយ ឬឯកភាពគ្នា ដែលនេះបានធ្វើឱ្យគេមិនអាចប្រាកដបានឡើយថាពិធីចុះហត្ថលេខាអាចនឹងប្រព្រឹត្តទៅដោយរលូន ខណៈជម្លោះរវាង អ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ ក៏នៅតែអាចធ្វើឱ្យក្ដីសង្ឃឹមក្លាយជាអសារបង់ផងដែរ។ លោក ត្រាំបានអះអាងថាអនុស្សរណៈយោគយល់ជាមួយអ៉ីរ៉ង់គឺជា ចំណុចចាប់ផ្ដើមមួយឆ្ពោះទៅរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។ ចំណែក អ្នកសង្ស័យចំពោះកិច្ចព្រមព្រៀងវិញបានអះអាងថាអនុស្សរណៈនេះគ្រាន់តែជាការសម្រាកយកកម្លាំងបណ្ដោះអាសន្ន តែប៉ុណ្ណោះ ពីព្រោះគ្មានអ្វីដែលអាចបង្ហាញបានឡើយថាអាមេរិក និងអ៉ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួលគ្នាលើបញ្ហាស្មុគស្មាញពិបាកដោះស្រាយមួយចំនួន តួយ៉ាងដូចជាថាតើ ការដក ឬបន្ធូរបន្ថយទណ្ឌកម្មលើអ៉ីរ៉ង់ត្រូវធ្វើឡើងក្នុងកម្រិតណា? តើត្រូវធ្វើដូចម្ដេចទៀតចំពោះកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងថាតើត្រូវដោះស្រាយឃ្លាំងមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់យ៉ាងដូចម្ដេច?
លោក Michael O'Hanlon ជានាយកស្រាវជ្រាវគោលនយោបាយការបរទេសមកពីវិទ្យាសា្ថន Brookings Institution បាននិយាយថា «តាមពិតទៅ វាមិនមែនជារឿងមិនអាចទៅរួចទេ ដែលថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ តែអ្វីដែលសំខាន់ជាងនេះ គឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ ទំនងជានឹងមិនអាចកើតឡើងភ្លាមៗនោះទេ។ បន្ថែមពីលើភាពមិនច្បាស់លាស់ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនមានការជឿទុកចិត្តគ្នាទៅវិញទៅមកទេ ស្របពេលសហរដ្ឋអាមេរិកនៅតែសង្ស័យថា អ៉ីរ៉ង់បន្តចិញ្ចឹមចិត្តស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ក្រុមមន្ត្រីទីប្រឹក្សាប្រកាន់ជំហរតឹងរ៉ឹងរបស់លោក ត្រាំ បានលើកឡើងថាពួកគេមិនអាចជឿទុកចិត្តអ៉ីរ៉ង់បានទេ ព្រោះអ៉ីរ៉ង់នឹងនៅតែបន្ត សម្លឹងរកឱកាសបំផ្លាញកិច្ចព្រមព្រៀង។ ក្រុមមន្ត្រីអ៉ីរ៉ង់វិញបាននិយាយថាពួកគេក៏មិនអាចទុកចិត្តសហរដ្ឋអាមេរិកបាននោះដែរ ជាពិសេសក្រោយយោធាអាមេរិកទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ដល់ទៅ ២លើក អំឡុងកិច្ចចរចា ហើយដែលការវាយប្រហារទាំងនោះទៀតសោតបានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei រួមទាំងមន្ត្រីកំពូលៗរបស់អ៉ីរ៉ង់ជាច្រើននាក់។
«យើងកំពុងប្រឈមមុខនឹងសត្រូវដែលនឹងមិនបោះបង់ចោលឡើយនូវឱកាសវាយប្រហារលើសាធារណរដ្ឋអ៉ីស្លាម (អ៉ីរ៉ង់)»។ នេះជាការលើកឡើងរបស់លោក Kazem Gharibabadi ជាអនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់។ លោកបន្ថែមថាបើទោះជាកិច្ចចរចាមានរយៈពេល ៦០ថ្ងៃ អាចនាំទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយជាមួយអ៉ីរ៉ង់ក៏ដោយ ក៏អ៉ីរ៉ង់មិនត្រូវភ្លេចខ្លួនឡើយ ហើយត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីការពារខ្លួន។ ក្រៅពីនេះ តួនាទីរបស់សភាអាមេរិកក៏អាចនឹងបង្កការលំបាកដល់កិច្ចចរចាដែរ ដ្បិតក្រុមអ្នកតំណាងរាស្ត្រអាមេរិកបានទទូចម្ដងហើយម្ដងទៀតថា ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំណាមួយលើអ៉ីរ៉ង់ ត្រូវតែមានការយល់ព្រមពីព្រឹទ្ធសភាជាមុនសិន។ សភាអាមេរិកមានតួនាទីក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ នៅក្រោមច្បាប់ Iran Nuclear Agreement Review Act កាលពីឆ្នាំ២០១៥។ ច្បាប់នេះត្រូវបានអនុម័តឡើងក្នុងគោលបំណងរឹតត្បិតលើការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អំឡុងរូបលោកចរចាសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨ ដែលនេះកាន់តែធ្វើឱ្យអ៉ីរ៉ង់មិនជឿទុកចិត្តលោក ត្រាំ។
បញ្ហាមួយផ្សេងទៀតដែលមិនទាន់ត្រូវបានដោះស្រាយ និងដែលក្រុមមន្ត្រីអាមេរិកមានជំហតឹងរ៉ឹងចំពោះអ៉ីរ៉ង់ទាមទារឱ្យដោះស្រាយជាយូរមកហើយ នោះគឺកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ និងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះក្រុម proxy ដូចជាហេសបូឡានៅលីបង់ ហ៊ូទីនៅយេម៉ែន និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ មិនមានសញ្ញាណាមួយអាចបញ្ជាក់បានថាកិច្ចចរចាជុំបន្តបន្ទាប់ ទៅមុខទៀតអាចនឹងដោះស្រាយបញ្ហាទាំងនេះបានឡើយ។ កាន់តែសំខាន់ជាងនេះទៀត ហើយជាឧបសគ្គធំបំផុតមួយដែលអាចធ្វើឱ្យកិច្ចចរចាបរាជ័យ នោះគឺនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងមានការសង្ស័យថាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ប្រហែលជានឹងមិនបម្រើដល់ផលប្រយោជន៍របស់អ៉ីស្រាអែលនោះទេ។ លោក ត្រាំ ហាក់ មានការខកចិត្តជាខ្លាំងចំពោះលោក Netanyahu ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា លោក ត្រាំ បានទាមទារឱ្យអ៉ីស្រាអែលបញ្ឈប់ ការវាយប្រហាររបស់ខ្លួនលើលីបង់ ក៏ព្រោះតែការវាយប្រហាររបស់អ៉ីស្រាអែលបានរំខានដល់កិច្ចចរចាជាមួយអ៉ីរ៉ង់។
តាមលោក Brett Erickson មកពីស្ថាប័ន Obsidian Risk Advisors អ៉ីរ៉ង់ទំនងជាចង់ឱ្យកិច្ចចរចាដំណើរការទៅដោយរលូន។ តែព្រមពេលជាមួយគ្នា អ៉ីរ៉ង់ក៏ដឹងដែរថាអ៉ីស្រាអែលអាចនឹង បំផ្លាញ ឬបង្កឧបសគ្គរាំងស្ទះ។ អ្នកជំនាញរូបនេះបន្តថាលោក ត្រាំ ចាំបាច់ត្រូវតែគ្រប់គ្រងលើលោក Netanyahu បើពុំដូច្នោះទេ លោកអាចនឹងត្រូវបង្កើនការធ្វើសម្បទានឱ្យអ៉ីរ៉ង់ដើម្បីលួងលោម ឬបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់អត់ធ្មត់កុំបង្កើនជម្លោះ។ លោក Nate Swanson ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Atlantic Council និងដែលធ្លាប់បម្រើការងារលើបញ្ហាអ៉ីរ៉ង់ នៅឯក្រសួងការបរទេសអាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានបង្ហាញការព្រួយបារម្ភដែរ។ លោកបាននិយាយថាយន្ដការពាក់ព័ន្ធនឹងការបើកច្រកសមុទ្រ Hormuz ដែលជា ចំណុចស្នូលមួយនៃកិច្ចព្រមព្រៀងដែលគេរំពឹងថាអាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែមិថុនា នៅមិនទាន់ឈានដល់ការឯកភាពគ្នាទាំងស្រុងនៅឡើយទេ។ បើតាមលោ Nate Swanson ជាការពិតណាស់ ពិតជាមានការកើនឡើងការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែការវិលត្រឡប់ទៅរកស្ថានភាពដើមមុនសង្រ្គាមផ្ទុះនៅតែមានភាពស្រពេចស្រពិល៕








