ជនសង្ស័យ៤នាក់ ដែលនាំចូលសាច់បង្កកពីប្រទេសថៃខុសច្បាប់ និងមិនបង់ពន្ធត្រឹមត្រូវ ត្រូវបានតំណាងអយ្យការចោទប្រកាន់
15-06-2026 21:54
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចំនួន២ នៅថ្ងៃទៅ១៥ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលនាំចូលសាច់បង្កកពីប្រទេសថៃ ដោយពុំមានការអនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ភុត ប៊ុនហម ភេទ ប្រុស អាយុ៤៦ឆ្នាំ ២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ និង៣.ឈ្មោះ ញិន គឹមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ។
ពួកគេទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពេលប្រតិបត្តិការចុះឆែកឃ្លាំងនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពេលចុះប្រតិបត្តិការឆែកឆេរឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ និងបក្ខពួក ពីបទ «ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ បទក្លែងបន្លំដើមកំណើតទំនិញ» និងបទ «ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត»៕























