ពិធីដាំកូនឈើជាង ៧០០ដើម នៅរមណីយដ្ឋានទន្លេបាទី ក្រោមប្រធានបទ «រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថាន ទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ»

15-06-2026 22:00

(តាកែវ)៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ មានការរៀបចំពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងរមណីយដ្ឋានទន្លេបាទី ក្រោមប្រធានបទដ៏មានអត្ថន័យថា «រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថាន ទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ»

ពិធីដ៏ថ្លៃថ្លានេះត្រូវបានដឹកនាំដោយ លោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី សហការជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

នៅក្នុងយុទ្ធនាការបៃតងនេះ ថ្នាក់ដឹកនាំ និងសហការីទាំងអស់បានរួមគ្នាដាំកូនឈើសាគូរ៉ា និងឈើប្រណិតៗសរុបចំនួនជាង ៧០០ដើម នៅអមសងខាងផ្លូវ ព្រមទាំងនៅក្នុងបរិវេណរមណីយដ្ឋានទន្លេបាទីទាំងមូល។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌជាតិ បរិស្ថាន និងសេដ្ឋកិច្ចសង្គម ជាពិសេសគឺដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងទស្សនានៅមណ្ឌលទេសចរណ៍ទន្លេបាទី ដែលជាទីតាំងទេសចរណ៍មួយដ៏មានសក្តានុពល ផ្ទុកទៅដោយលក្ខណៈប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។

ការសម្រេចចិត្តជ្រើសរើសដាំដើមផ្កាសាគូរ៉ា និងឈើប្រណិតនៅតំបន់ប្រាសាទបុរាណនាពេលនេះ មិនត្រឹមតែជាការជួយលម្អសោភ័ណភាពរមណីយដ្ឋានឱ្យកាន់តែស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគដ៏មានតម្លៃលើរុក្ខជាតិបៃតង ដើម្បីចូលរួមការពារបេតិកភណ្ឌ ការពារបរិស្ថាន និងលើកស្ទួយសេដ្ឋកិច្ចទេសចរណ៍ប្រកបដោយចីរភាព និងនិរន្តរភាពសម្រាប់ថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ពិធីដាំកូនឈើដ៏មានសារៈសំខាន់នេះ ទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង ១៥ ក្នុងស្រុកបាទី សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល សមាជិក-សមាជិកាក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈប្រតិភូក្រសួងទេសចរណ៍។

បន្ថែមពីលើនេះ ក៏មានការចូលរួមយ៉ាងសកម្មពីមន្ត្រីរដ្ឋបាលខេត្តតាកែវ លោកគ្រូអ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកបាទី សរុបប្រមាណជាង ១,០០០នាក់ ដែលបានញ៉ាំងឱ្យបរិយាកាសនៅក្នុងរមណីយដ្ឋានទន្លេបាទីទាំងមូល ពេញដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពក្នុងការស្រឡាញ់បរិស្ថានយ៉ាងពិតប្រាកដ៕