វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦

16-06-2026 11:17

(កោះកុង)៖ លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង អ្នកអង្គបណ្ឌិត សុីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថាពហុបច្ចេកទេសខេត្តកោះកុង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» រៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ស្ថាប័ន-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស និងនិស្សិតជាច្រើនរូបផងដែរ។

លោក ឈិត រតនៈ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាគ្រឹះដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ ស្របតាមប្រធានបទឆ្នាំនេះ TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល ពិតជាឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលយុវជនមានជំនាញពិតប្រាកដនឹងទទួលបានឱកាសការងារខ្ពស់ មានលំនឹងសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងឲ្យមានកំណើនខ្ពស់។

លោកអភិបាលរងរូបនេះក៏បានជម្រុញនិងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញបច្ចេកទេសទាំងនេះឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាកម្លាំងពលកម្មមានជំនាញខ្ពស់ និងមានភាពប្រកួតប្រជែងនៅក្នុងយុគសម័យឌីជីថល បង្កើតឱកាសសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល។

អ្នកអង្គម្ចាស់បណ្ឌិត សុីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បានថ្លែងថា ដោយក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យTVET តាមរយៈការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជូនយុវជនក្រីក្រនិងគ្រួសារ ងាយរងហានិភ័យដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីបង្កើនឱកាសទទួលបានជំនាញការងារនិងប្រាក់ចំណូលសមរម្យ។ ទន្ទឹមនិងនេះក៏បានពង្រឹងគុណភាពបណ្ដុះបណ្ដាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការសហការជាមួយវិស័យឯកជនដើម្បីធានាថាការបណ្ដុះបណ្ដាលឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ទីផ្សារការងារ។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បានគូរបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ វិទ្យាស្ថាននិងបន្តពង្រឹងគុណភាព កម្មវិធីសិក្សាឲ្យស្របតាមតម្រូវការទីផ្សារការងារ បច្ចេកវិទ្យាថ្មីនិងសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនេះវិទ្យាស្ថាន នឹងពង្រីកការផ្សព្វផ្សាយអំពី TVET ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន ហេដ្ឋារចនាសម្ព័ន្ធនិងជំរុញការបណ្ដុះបណ្ដាលជំនាញបៃតង និងជំនាញឌីជីថល។ ការអនុវត្តទិសដៅទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងការសម្រេចបាននូវគោលដៅ «រៀនឲ្យចេះរៀនឲ្យចប់និងមានការងារធ្វើ» របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕