ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ក្រោមស្មារតីលើកកម្ពស់សុខុមាលភាព និងអនាគតកុមារ

16-06-2026 11:28

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលាបឋមសិក្សាភ្នំទ្រព្យ ភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ បានប្រារព្ធពិធីខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានជម្រាបជូនថា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ត្រូវបានបង្កើតឡើងដោយអង្គការ ILO តាំងពីឆ្នាំ២០០២ ដើម្បីជាសារដាស់តឿនដល់ពិភពលោក អំពីផលវិបាកនៃការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ ស្មារតី និងឱកាសនៃការសិក្សារបស់កុមារ។ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះ ក៏ចង់រំលេចឱ្យឃើញពីគោលបំណង នៃការលើកកម្ពស់ការការពារសិទ្ធិកុមារ ទប់ស្កាត់រាល់អំពើហិង្សា និងរួមគ្នាថែរក្សាសន្តិភាពពិភពលោក ដើម្បីធានាឱ្យកុមារគ្រប់រូប បានរស់នៅក្នុងសុខសុវត្ថិភាព និងការអភិវឌ្ឍន៍។

លោកបានបន្ថែមថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្នុងនាមជាសេនាធិការ បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ដើម្បីតាមដានត្រួតពិនិត្យ និងចុះអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីធានាថា កុមារទាំងអស់នៅក្នុងខេត្តពោធិ៍សាត់ ទទួលបានសិទ្ធិពេញលេញក្នុងការសិក្សារៀនសូត្រ និងការកម្សាន្តប្រកបដោយសុវត្ថិភាព។

លោក រុន សារី អភិបាលរងខេត្ត បានអានសារលិខិតដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦។ សារលិខិតរបស់សម្តេចបវរធិបតី បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិកុមារ និងការកសាងសង្គមមួយដែលគ្មានពលកម្មកុមារ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់លើសុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ថ្លែងក្នុងឱកាសនោះ លោក រុន សារី បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយ និងលុបបំបាត់ពលកម្មកុមារ។ បន្ថែមពីនោះ ដោយក្តីស្រឡាញ់ដល់សិស្សានុសិស្ស លោកសូមឱ្យក្មួយៗទាំងអស់ ត្រូវចងចាំថា ការសិក្សារៀនសូត្រ គឺជាកូនសោដ៏សំខាន់បំផុត ដើម្បីបើកផ្លូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងការកសាងជីវិតដ៏ប្រសើរ។ ដូច្នេះ សូមក្មួយៗទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា និងស្តាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាមាតាបិតា ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិយើងនៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែករៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាននៅតាមសហគមន៍ និងសាលារៀនឱ្យបានស្អាតល្អ។ ពិសេសជាងនេះ លោកបានលើកទឹកចិត្តឱ្យមានការខិតខំដាំដើមឈើបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសបៃតង ផ្តល់ម្លប់ត្រជាក់ និងរួមចំណែកការពារបរិស្ថាន សម្រាប់កូនចៅជំនាន់ក្រោយ៕