អគារសិក្សា១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែងសង្គ្រោះ ស្រុកសន្ទុក ខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាគ្រឹះសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច

16-06-2026 12:49

(កំពង់ធំ)៖ អគារសិក្សា១ខ្នងមាន៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែងសង្គ្រោះ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គាំទ្រដល់វិស័យអប់រំ និងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សាត្បែងសង្គ្រោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្វើឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា អគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែង សង្រ្គោះ ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាសក្ខីភាពបញ្ជាក់ពីការយក ចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ សមិទ្ធផលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ការកាត់បន្ថយសិស្សមានចំនួនច្រើន ក្នុងថ្នាក់រៀន និងការលើកកម្ពស់លទ្ធផលសិក្សា របស់សិស្សានុសិស្សផងដែរ។

លោកស្រីបណ្ឌិតបានរំលេចថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព។

រាជរដ្ឋាភិបាលបានបន្តខិតខំពង្រឹង និងអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា ដែលទាន់សម័យ ព្រមទាំងការសាងសង់ និងជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្សគ្រប់ទីកន្លែង មាន ឱកាសទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការ និង ការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌល ខេត្ត កំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងចូលរួមកសាងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ធំផងដែរ។

លោកស្រីបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ជាពិសេសថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារអេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB និងធនាគារ អេ.អឹម.ខេ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងល្អ រួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើងសម្រាប់បម្រើវិស័យអប់រំ។

លោកស្រីបណ្ឌិតក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមជួយថែរក្សាអគារសិក្សានេះឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង។

ក្នុងឱកាសនោះដែរលោកស្រីបណ្ឌិត ក៏បាននាំយកនូវអំណោយ និងថវិកាមួយចំនួន ក្នុងនោះឧបត្ថម្ភសាលាបឋមសិក្សាល្បែងសង្គ្រោះចំនួន ២លានរៀល, ការិយាល័យ អប់រំ រដ្ឋបាលស្រុក ឃុំ ភូមិចំនួន ៥២ រូប លោកគ្រូ-អ្នកគ្រូចំនួន១៣រូប ម្នាក់ៗទទួលបានសារុង១ និងថវិកា ៣ម៉ឺនរៀល, អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០ រូប ម្នាក់ៗទទួលបានរុង១ ថវិកា២ម៉ឺនរៀល និងសិស្សានុសិស្សចំនួន១២៩រូប ទទួលបានឃីត១កញ្ចប់ និងថវិកា១ម៉ឺនរៀល។

ក្នុងនោះដែរលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះចំនួន ៣ ខ្នង នៅឃុំប្រាសាទ១ខ្នងជូន គ្រួសារក្រីក្រ និង២ខ្នងទៀត ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យកាលពេលថ្មីៗនេះ ក្នុងនោះក៏បាននាំយកអំណោយមាន សំភារៈ និងគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារទាំងនោះផងដែរ៕