ក្រសួងសុខាភិបាល បើកវេទិកាថ្នាក់ជាតិ ដើម្បីលើកកម្ពស់សុខភាពសហគមន៍ សម្រាប់ការបង្ការជំងឺមិនឆ្លង (PATH)

16-06-2026 13:12

(ភ្នំពេញ)៖ អង្គការអាដ្រាកម្ពុជា (ADRA Cambodia) ក្រោមការសហការយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាជាតិ ស្តីពី គម្រោងវិថីឆ្ពោះទៅកាន់សុខភាពល្អប្រសើរ (PATH) ក្រោមប្រធានបទ «សហគមន៍ប្រកបដោយសុខមាលភាពនាំមកនូវចីរភាព»។

វេទិកានេះ បានរៀបចំបើក ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល តំណាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងភិបាល។ វេទិកានេះ មានការគាំទ្រពីរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការ អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (ANCP)។

វេទិកានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ មន្ទីរសុខាភិបាលខេត្ត ការិយាល័យ ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ និងសមាជិកក្រុមវិថីឆ្ពោះទៅកាន់សុខភាពល្អ ប្រសើរ (B2B) ដែលធ្វើឡើងរយៈពេល១ថ្ងៃពេញ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា ប្រទេសកម្ពុជា បាននិងកំពុងឆ្លងកាត់ការផ្លាស់ប្តូរប្រជាសាស្ត្រ និងរោគសាស្ត្រ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ខណៈដែលប្រទេសនេះ បានរួចផុតពីសង្គ្រាម និងជម្លោះផ្ទៃក្នុងជាច្រើនឆ្នាំ។ វឌ្ឍនភាព ជាប់ជាលំដាប់ បានធ្វើឲ្យភាពក្រីក្រត្រូវបានកាត់បន្ថយ និងសុខភាពប្រសើរឡើង។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្ដថា ទោះបីជាមានប្រជាជនកម្ពុជា ចំនួន៨០% រស់នៅក្នុងតំបន់ជនបទក៏ដោយ ក៏មានការកាត់បន្ថយអត្រាមរណភាពមាតា និងទារកយ៉ាងច្រើន ព្រមទាំងវឌ្ឍនភាពជាប់ជាលំដាប់ ក៏ត្រូវបានបង្កើតឡើង ក្នុងការកាត់បន្ថយការស្លាប់ដោយសារជំងឺឆ្លង។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានលើកឡើងថា ជំងឺមិនឆ្លងកើតឡើង​ ដោយសារកត្តាហានិភ័យ ពាក់ព័ន្ធនឹងឥរិយាបថចម្បង៤រួមគ្នា គឺ របប អាហារ ដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើគ្រឿងស្រវឹង ប្រកបដោយគ្រោះថ្នាក់។

ការបំពុលបរិយាកាសក្នុងផ្ទះ ពីការប្រើប្រាស់ឥន្ធនៈរឹង ហើយផ្សែងធូបក៏ជាកត្តា រួមចំណែកដ៏សំខាន់ដល់ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងមហារីកសួតផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានឲ្យដឹងថា ឥរិយាបថដែលគ្មានសុខុមាលភាព រួមចំណែកដល់ការកើតឡើង នូវកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ ដែលរួមមានដូចជា ជំងឺលើសសម្ពាធ ឈាម កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ជាតិស្ករក្នុងឈាមខ្ពស់ លើសទម្ងន់ និងភាពធាត់ ដែលអាចបង្កជាជំងឺ ដែលស្តែងចេញ តាមរោគសញ្ញាទាំងអស់នេះ។

សូមជម្រាបថា វេទិកាខាងលើនេះ មានគោលបំណងបង្កើតជាវេទិកាមួយ សម្រាប់ការពិភាក្សាការសិក្សាស្វែងយល់ និងកិច្ចសហការ ក្នុងចំណោមស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានឧត្តមសិក្សា អង្គការ សង្គមស៊ីវិល និងសហគមន៍នានា ដើម្បីពង្រឹងការបង្ការជំងឺមិនឆ្លង (NCDs) នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា។

ជំងឺមិនឆ្លង (NCDs) រួមមាន៖ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងសរសៃឈាម និងជំងឺរ៉ាំរ៉ៃ ផ្សេងៗទៀត។ ជំងឺទាំងនេះ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈ ដ៏ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ស្ថានភាពជំងឺភាគច្រើន មានការទាក់ទងទៅនឹងកត្តាហានិភ័យ ដែលអាចកើតឡើងបាន ដូចជា៖ របបអាហារ ពុំសូវមានសុខភាពល្អ ការខ្វះសកម្មភាពរាងកាយ ការប្រើប្រាស់ថ្នាំជក់ ការពិសារគ្រឿងស្រវឹងហួសកម្រិត និងការទទួលបាន ព័ត៌មានសុខភាពបង្ការនៅមានកម្រិត។

ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានការចូលរួមពី សហគមន៍កាន់តែខ្លាំងក្លា និងការផ្លាស់ប្តូរឥរិយាបថប្រកបដោយចីរភាព ទន្ទឹមនឹងការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព។

គម្រោងផាត PATH ត្រូវបានអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៨ នៅក្នុងខេត្តពោធិ៍សាត់ ដោយដើរតួជាគម្រោងតម្រង់ទិស ក្នុងការសាកល្បង ទៅការដាក់បញ្ចូលវិធីសាស្ត្រ «ស្ពានឆ្ពោះទៅកាន់សុខភាពល្អ ប្រសើរ Bridge to Better Health (B2B)»។

គម្រោងនេះ គឺជាវិធីសាស្ត្រ សម្រាប់សហគមន៍ ក្នុងការជំរុញ និងផ្តល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ឱ្យផ្លាស់ប្តូរមកទម្លាប់រស់ នៅប្រកបដោយសុខភាពល្អ តាមរយៈការចូលរួម ការឆ្លុះបញ្ចាំង និងសកម្មភាពដែលដឹកនាំដោយថ្នាក់មូលដ្ឋាន៕