កម្លាំងគណៈអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ៩០ទីតាំង រកឃើញជនបរទេស ៦នាក់ ជាប់សង្ស័យប្រព្រឹត្តបទល្មើស Online Scams
16-06-2026 13:36
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញចំនួន ៩០ទីតាំង។
បើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូអូឡាំព្យ៉ា អគារ C4 ជាន់ទី១៧ បន្ទប់លេខ១៧១០ មានជនបរទេស ចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារមួយចំនួនរួមមាន៖ Laptop ចំនួន ៣គ្រឿង (កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន ០៧គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន ០១គ្រឿង (សម្រាប់បំរើការងារ)។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញ បានរកឃើញថានេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្រោយប្រតិបតិ្តការជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ជាមួយគ្នានេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ ចំនួន ៥ទីតាំង មនុស្សចំនួន៦នាក់ គិតជាថវិកាចំនួន ២៤ ០០០ ០០០រៀល៕


































