ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អំពាវនាវគ្រប់ភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ អប់រំសុខភាពដល់ពលរដ្ឋអំពីជំងឺគ្រុនឈាម ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធានការការពារ និងសញ្ញាគ្រោះថ្នាក់
16-06-2026 14:47
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យមន្ត្រីអប់រំសុខភាព ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារទាំងអស់ បង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋអំពីជំងឺគ្រុនឈាម ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារ និងសញ្ញាគ្រោះថ្នាក់នៃជំងឺនេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំក្រុមការងារនៃមន្ត្រីសុខាភិបាលខេត្ត ឱ្យសូមរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាម ដោយត្រូវការពារឱ្យបាននូវបារ៉ាសទី១ ដែលជាបារ៉ាសការពារការរីករាលដាលនៃជំងឺគ្រុនឈាម ធ្វើយ៉ាងណាកុំឱ្យមានករណីជំងឺគ្រុនឈាមមានការកើនឡើង។
ការអំពាវនាវរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Pro-T WGH) នៅមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សមាជិកក្រុមការងារមកពីមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំមណ្ឌលសុខភាព ដែលបានចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom)ជាច្រើនរូបទៀត។
កិច្ចប្រជុំក្នុងឱកាសនោះបានពិនិត្យ និងពិភាក្សា លើបញ្ហាសេសសល់ពីខែឧសភា ព្រមទាំងបង្ហាញពីស្ថានភាពជំងឺឆ្លង និងជំងឺមិនឆ្លងប្រចាំខែឧសភា ឆ្នាំ២០២៦ រួមជាមួយការងារសុខាភិបាលសំខាន់ៗមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសសុខាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារបង្ការ និងឆ្លើយតបចំពោះជំងឺគ្រុនឈាម ដែលកំពុងស្ថិតក្នុងរដូវប្រឈមនៃការរីករាលដាល។
លោកវេជ្ជបណ្ឌិតក៏បានថ្លែងជំរុញឱ្យកម្មវិធីគ្រុនឈាមរៀបចំផែនការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសការបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមដល់មន្ត្រីសុខាភិបាល និងសេវាសុខាភិបាលឯកជនទូទាំងខេត្ត តាមរយៈការបណ្តុះបណ្តាលផ្ទាល់ ឬតាមប្រព័ន្ធ Zoom។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងណែនាំបន្ថែមថា ក្នុងករណីរកឃើញអ្នកជំងឺសង្ស័យមានជំងឺគ្រុនឈាម ត្រូវធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានស្នើឱ្យមន្ទីរពេទ្យបង្អែកជាំក្សាន្ត រៀបចំក្រុមការងារចុះពិនិត្យអ្នកជំងឺដោយផ្ទាល់នៅតាមមណ្ឌលសុខភាពដែលមានករណីសង្ស័យជំងឺគ្រុនឈាមច្រើន និងយកឧបករណ៍បូមឈាមសម្រាប់ប្រមូលសំណាកទៅពិនិត្យបញ្ជាក់បន្ថែម។ ដោយឡែក មន្ទីរពេទ្យបង្អែក ១៦ មករា ត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការចុះពិនិត្យ និងឆ្លើយតបនៅតាមតំបន់គ្របដណ្តប់ផ្សេងៗទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមនៅក្នុងខេត្តព្រះវិហារ៕




















