ក្រសួងព័ត៌មាន បំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

16-06-2026 14:48

(កំពង់ស្ពឺ)៖ លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរូមជាអធិបតីក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៥០០នាក់។

ថ្លែងទៅកាន់សិស្សានុសិស្ស លោក ស្លេះ អាល់ហ្វីន បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនត្រឹមតែជាការបញ្ជ្រាបការយល់ដឹងអំពីផលជៈអវិជ្ជមាននៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីធានាថាយុវជនជំនាន់ថ្មីយល់ច្បាស់ពីសិទ្ធិ សុវត្ថិភាពឌីជីថល និងក្របខ័ណ្ឌច្បាប់ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ។

លោក ស្លេះ អាល់ហ្វីន បានមានប្រសាសថា៖ «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូលពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»

ទន្ទឹមនេះ អនុរដ្ឋលេខាធិការ បានជំរុញសិស្សានុសិស្សឱ្យលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងត្រូវចេះ គ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីជៀសវាងការញៀន ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតភាពការងារ និងលទ្ធផលនៃការសិក្សា។

លើសពីនេះ លោកបានអំពាវនាវឱ្យយុវជនដើរតួជា «អ្នកអប់រំបន្ត» ដោយត្រូវយកចំណេះដឹងទាំងនេះទៅចែករំលែកដល់មាតាបិតា និងចាស់ព្រឹទ្ធាចារ្យក្នុងសហគមន៍ ដើម្បីការពារពួកគេពីហានិភ័យនៃព័ត៌មានក្លែងក្លាយ។

គួររម្លឹងផងដែរថា ក្រសួងព័ត៌មានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ និងបានបើកយុទ្ធនាការជំហានទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើក្រុមយុវជន ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ តាមការគ្រោងទុក យុទ្ធនាការជំហានទី២នេះនឹងត្រូវអនុវត្តទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ៕