ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងភូមិសាស្រ្តខេត្តសៀមរាប

16-06-2026 15:04

(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹក នៅតាមបណ្តាក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកលើងថា ដោយមានការឈ្លានពានពីសំណាក់កងទ័ពថៃ បណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានជម្លៀសមកខេត្តសៀមរាប។ ហើយបើទោះបីមានបទឈប់បាញ់ហើយក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅតែបន្តស្នាក់នៅក្នុងខេត្តសៀមរាប ដែលជាតំបន់មានសុវត្ថិភាពសម្រាប់ពួកគាត់។

លោកបានបន្តថា រដ្ឋបាលខេត្តបានរៀបចំទីតាំងទទួលបងប្អូនជនភៀសសឹក ព្រមទាំងបានបង្កើតក្រុមការងារសម្របសម្រួលជម្លៀសប្រជាជនចេញពីតំបន់សមរភូមិ និងរៀបចំឱ្យមានទីតាំងដែលបានគិតគូរពីទីតាំង ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់ធ្វើជាទីតាំងសុវត្ថិភាព ជម្រក ស្បៀងអាហារ ទឹកស្អាត អនាម័យ សន្តិសុខ សុខាភិបាល អប់រំ និងការថែទាំទីតាំងសុវត្ថិភាពផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបន្តថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនភៀសសឹកដែលបន្តស្នាក់នៅខេត្តសៀមរាប សរុបមានចំនួន ២ ៦៥១គ្រួសារ ស្មើនឹងចំនួន ៨ ៣០៤នាក់។ ក្នុងនោះស្នាក់នៅតាមទីតាំងសុវត្ថិភាព រៀបចំដោយរដ្ឋបាលក្រុងស្រុក មានចំនួន ១ ៨៧៩គ្រួសារ និងស្នាក់នៅតាមផ្ទះមានចំនួន ៧៧២គ្រួសារ។

អភិបាលរងខេត្ត បន្ថែមថា ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល តាមរយៈកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានណែនាំបន្តដល់រដ្ឋបាលខេត្តសៀមរាប ធ្វើការបិទបញ្ចប់ករណីជនភៀសសឹកស្នាក់នៅខេត្តសៀមរាប ទាំងទីតាំងមណ្ឌលសុវត្ថិភាព និងការស្នាក់នៅតាមផ្ទះ ដើម្បីឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។

ដោយឡែកចំពោះតំបន់ដែលប្រឈមតិចតួច និងចំពោះតំបន់ដែលក្រហម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីអាចចូលទៅកាន់ជំរុំដែលរាជរដ្ឋាភិបាលបានរៀបចំ បង្កើតឡើងដែលមានផ្ទះ មានដីសម្រាប់ធ្វើកសិកម្ម។

លោក អ៊ឹង គឹមលាង បញ្ជាក់ថា មុនការវិលត្រឡប់ទៅវិញក៏មានការប្រគល់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជូនគ្រួសារភៀសសឹកស្នាក់នៅទីតាំងមណ្ឌលសុវត្ថិភាព និងការស្នាក់នៅតាមផ្ទះដោះស្រាយជីវភាព និងចំណាយថ្លៃធ្វើដំណើរត្រឡប់ទៅវិញ រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តសៀមរាប សម្រាប់ការរៀបចំទទួលបងប្អូនភៀសសឹកនាពេលកន្លងមក ដោយបានរៀបចំនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក ប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិបាល បរិស្ថានអនាម័យ ការរៀបចំប្រព័ន្ធដឹកជញ្ជូន ការត្រៀមស្បៀង ថ្នាំពេទ្យ ការរៀបចំសិស្សដែលភៀសសឹកបានចូលរៀន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនជនភៀសសឹក។

ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីរ អង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបានចូលរួមជួយសង្គ្រោះ និងផ្តល់ការឧបត្ថម្ភនានាដល់ជនភៀសសឹក។ ដោយឡែកចំពោះបញ្ហា ដែលនៅសេសសល់ នាយឧត្តមសេនីយ៍ នឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ៕