អភិបាលស្រុកព្រៃនប់ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែទៀត នៅភូមិអូរត្រាវ

16-06-2026 15:04

(ព្រះសីហនុ)៖ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញប្រកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មីមួយខ្សែទៀត ដែលជាចំណែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន ដែលរដ្ឋបាលស្រុកព្រៃនប់បានកំណត់ជាអាទិភាព ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ បានធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រី អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្លូវបេតុងអាមេដែលទើបបើកការដ្ឋានសាងសង់នេះ មានប្រវែង ៦១២ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានកម្រាស់ ០.១៥ម៉ែត្រ។ ការស្ថាបនាផ្លូវនេះគឺជាចំណែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន ដែលរដ្ឋបាលស្រុកព្រៃនប់បានកំណត់ជាអាទិភាពដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។

គួរជម្រាបជូនថា ការបើកការដ្ឋានសាងសង់ផ្លូវនៅឃុំអណ្តូងថ្មនាពេលនេះ បានធ្វើឱ្យឃុំអណ្តូងថ្ម ក្លាយជាឃុំទី១០ ក្នុងស្រុកព្រៃនប់ ដែលទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងសកម្មប្រចាំឆ្នាំ២០២៦។

ផ្អែកតាមទិន្នន័យពីអាជ្ញាធរស្រុក រហូតមកដល់ពេលនេះ ស្រុកព្រៃនប់បានសម្រេចការងារស្ថាបនាផ្លូវបានយ៉ាងជោគជ័យតាមរយៈគម្រោងនានា រួមមាន៖

*គម្រោងមូលនិធិផ្លូវឃុំ ប្រវែង ៦,០៦០ ម៉ែត្រ
*គម្រោងរដ្ឋបាលស្រុក ប្រវែង ៨៨០ ម៉ែត្រ
*គម្រោងរដ្ឋបាលខេត្ត ប្រវែង ២,៥៣៦ ម៉ែត្រ។

សរុបរួមនៃការស្ថាបនាផ្លូវគ្រប់ខ្សែក្នុងស្រុកព្រៃនប់គិតមកដល់ពេលនេះ គឺសម្រេចបានប្រវែងសរុប ៩,៤៧៦ ម៉ែត្រ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕