អភិបាលរងខេត្តព្រះវិហារ អំពាវនាវមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នា «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ

16-06-2026 15:11

(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នា «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាម។

ការថ្លែងរបស់លោក មិន ស៊ីថា ក្នុងឱកាសដែលលោកតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ព្រះសង្ឃ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» នៅស្រុកឆែប នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

​នៅក្នុងឱកាសនោះលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះ។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងសង្កត់ធ្ងន់ថា ការបរិច្ចាគឈាមនាពេលនេះ គឺដើម្បីបំពេញតម្រូវការឈាមក្នុងការជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ និងអ្នករងរបួសបន្ទាន់នានា នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហាររបស់យើង ដែលបច្ចុប្បន្នមានតម្រូវការឈាមជាមធ្យម ប្រមាណ ៣សាក់ ក្នុងមួយថ្ងៃ។

​លោក មិន ស៊ីថា បានថ្លែងជំរុញ និងធ្វើការពន្យល់បន្ថែមអំពីអត្ថប្រយោជន៍ និងទិសដៅនៃការងារបរិច្ចាកឈាម ថា ជាយទ្ធនាការវិលជុំក្នុង១ខែម្តង នៅតាមបណ្តាលក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ហើយក៏ជាឱកាសក្នុងការចងក្រងទិន្នន័យប្រភេទឈាមជាក់លាក់ ដើម្បីងាយស្រួលក្នុងការស្វែងរក និងទាក់ទងបងប្អូនអ្នកបរិច្ចាក នៅពេលមន្ទីរពេទ្យមានតម្រូវការចាំបាច់ ពិសេសក្នុងគ្រាអាសន្ន។

លោកថា ឆ្នាំ២០២៦នេះគឺជាឆ្នាំទី៤ហើយ ដែលខេត្តព្រះវិហារ បានរៀបចំកម្មវិធីបរិច្ចាកឈាម ក្រោមស្មារតីមនុស្សធម៌នេះឡើង ក្រោមគំនិតផ្តួចផ្តើមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

​ទាក់ទងនឹងផលប្រយោជន៍នៃការបរិច្ចាគឈាម លោក មិន សុីថា ក៏បានថ្លែងលើកទឹកចិត្ត និងពន្យល់តាមបែបវិទ្យាសាស្ត្រ និងសាសនាថា៖​ «ស្របតាមជំនឿព្រះពុទ្ធសាសនា ការបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតមនុស្ស គឺជាការធ្វើទានដ៏ធំធេង និងទទួលបានបុណ្យកុសលយ៉ាងច្រើនអេក»«ចំណែកឯផ្នែកវិទ្យាសាស្ត្រវិញ កោសិកាឈាមចាស់ៗនឹងត្រូវស្លាប់តាមអាយុកាល ដូច្នេះការបរិច្ចាកឈាម មិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ ហើយរាងកាយនឹងផលិតកោសិកាឈាមថ្មីមកជំនួសវិញ»

លើសពីនេះ បងប្អូនអ្នកស្ម័គ្រចិត្តបរិច្ចាកឈាម នឹងទទួលបានការតេស្តឈាម ដើម្បីដឹងពីប្រភេទឈាមខ្លួនឯង និងពិនិត្យរកមើលមេរោគផ្សេងៗដោយឥតគិតថ្លៃ និងរក្សាការសម្ងាត់ ព្រមទាំងជួយដល់សុខភាពរាងកាយឱ្យមាំមួន ផងដែរ។

​ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក មិន សុីថា បានថ្លែងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ ទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឱ្យបានកាន់តែច្រើន ដើម្បីជាគំរូដ៏ល្អដល់យុវជនជំនាន់ក្រោយ ដោយត្រូវប្តេជ្ញាចិត្តរួមគ្នាថា៖ «មិនទុកឱ្យអ្នកជំងឺ ឬអ្នករងរបួសណាម្នាក់ស្លាប់ ដោយសារខ្វះឈាមឡើយ»។ លោកបានថ្លែងរំលឹកអំពីការរួមគ្នារក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ ផងដែរ៕