ស្ថានទូតតួរគីយ៉េ ផ្ដល់ការបង្រៀនភាសា «តួកគី» ដល់និស្សិតនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនពេលប្រឡងអាហាររូបករណ៍ទៅសិក្សានៅប្រទេសតួរគីយ៉េ

16-06-2026 15:17

(កណ្ដាល)៖ វិទ្យាស្ថានយូនូសអេមរ៉េ តាមរយៈស្ថានទូតសាធារណរដ្ឋតួរគីយ៉េប្រចាំកម្ពុជា បានសហការជាមួយក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបើកបង្រៀនភាសា «តួរគី» ដល់និស្សិតនគរបាលដែលកំពុង សិក្សារៀននៅបណ្ឌិតសភារ្យនគរបាលកម្ពុជាស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់ភាសាមុនពេលផ្ដល់ការប្រឡងអាហាររូបករណ៍ទៅសិក្សានៅប្រទេសតួរគីយ៉េនាពេលខាងមុខ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាសាជាតិ «តួរគី»​ កម្រិតមូលដ្ឋាន ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក មេស៊ូត អូសកាន់(Mesut Özcan) ឯកគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា ដែលមានលោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត រដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូត តួរគីយ៉េ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «ភាសាជាតិតួកគី កម្រិតមូលដ្ឋាន» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាឱកាសនេះ។

នាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដោយសារមានការគាំទ្រ ណែនាំតម្រង់ទិស និងផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងមានការចង្អុលបង្ហាញពីលោកបណ្ឌិត ទូច​ វិសាលសុខ រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ទើបបណ្ឌិត្យសភាបានសហការជាមួយវិទ្យាស្ថានយូនូសអេមរ៉េ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល «ភាសាជាតិតួរគី កម្រិតមូលដ្ឋាន» នេះឡើង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឱ្យគ្រូ​និងនិស្សិត​នគរបាលបានចូលសិក្សាភាសាជាតិតួរគី កម្រិតមូលដ្ឋាន នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់ឱកាសដល់គ្រូនិងនិស្សិតនគរបាល បានសិក្សាភាសាជាតិតួកគី ចាប់ពីពេលនេះតទៅ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងថា ជាក់ស្ដែងតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ ២០២៦នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កម្ពុជា) និងក្រសួងមហាផ្ទៃ (តួរគីយ៉េ) បានចុះអនុស្សរណៈនៃការយោគយល់គ្នា​ (MoU) ក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអប់រំបណ្តុះបណ្តាល​កងកម្លាំងនគរបាលនៃស្ថាប័នទាំងពីរ។

ឆ្លៀតឱកាសនេះ លោកបណ្ឌិត សូមសម្តែងនូវការកោតសរសើរនិងចូលរួមអបអរសាទរ ចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ និងមន្រ្តីនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានរួមគ្នាបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអប់រំ បណ្ដុះ បណ្ដាលកងកម្លាំងនគរបាលជាតិ។ ជាក់ស្តែង ថ្ងៃនេះទទួលបានលទ្ធផលនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយបានសហការជាមួយវិទ្យាស្ថានយូនូសអេមរ៉េ​ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល «ភាសាជាតិតួរគី កម្រិតមូលដ្ឋាន» ដើម្បីផ្តល់ឱកាសឱ្យគ្រូ​និងនិស្សិត​នគរបាល បានត្រៀមខ្លួនជាមុនក្នុងការដាក់ពាក្យ សុំអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋតួរគីយ៉េ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ។

លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ ការអប់រំបណ្ដុះបណ្ដាល ពិតជាមានសារៈសំខាន់ណាស់ ចំពោះការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពប្រតិបត្តិការ៕