Fresh Exclusive: កិច្ចព្រមព្រៀងអ៉ីរ៉ង់-អាមេរិក៖ ដូណាល់ ត្រាំ ប្រកាសជ័យជម្នះ ខណៈសំណួរសំខាន់ៗនៅមិនទាន់មានចម្លើយ (Video inside)
16-06-2026 16:46
(ភ្នំពេញ)៖ ក្រោយសង្គ្រាមអូសបន្លាយអស់ជាង ១៥ សប្តាហ៍ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចផ្អាកការប្រយុទ្ធរវាងគ្នា។ ប៉ុន្តែ តើនេះជាការចាប់ផ្តើមនៃសន្តិភាព ឬគ្រាន់តែជាការផ្អាកសង្គ្រាម ដើម្បីទិញពេលវេលា សម្រាប់ការចរចាដ៏លំបាកនៅពេលខាងមុខ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយ ស្តីពីអនាគតនៃកិច្ចព្រមព្រៀងអាមេរិក–អ៊ីរ៉ង់ និងការសាកល្បង ៦០ ថ្ងៃ ដែលអាចកំណត់អនាគតមជ្ឈិមបូព៌ា៖
នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្ទនាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង មុនកិច្ចប្រជុំ G7 កាលពីថ្ងៃទី១៥ មិថុនា លោកបានប្រកាសដោយទំនុកចិត្តថា «កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខារួចហើយ» និងថា ច្រកសមុទ្រ Hormuz នឹងបើកពេញលេញឡើងវិញនៅថ្ងៃសុក្រសប្តាហ៍នេះ។
ការប្រកាសនេះ បានបង្កើតចំណាប់អារម្មណ៍ជុំវិញពិភពលោក ព្រោះវាហាក់ដូចជាសញ្ញាបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់ជាង ១៥ សប្តាហ៍ រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ ប៉ុន្តែនៅក្រោមចំណងជើងនៃ «កិច្ចព្រមព្រៀងសម្រេចរួចហើយ» នោះ សំណួរធំមួយនៅតែស្ថិតនៅចំពោះមុខអ្នកសង្កេតការណ៍៖ តើសង្គ្រាមពិតជាបានបញ្ចប់ហើយឬនៅ ឬក៏អ្វីដែលសម្រេចបានពេលនេះ គ្រាន់តែជាការផ្អាកជម្លោះ ដើម្បីទិញពេល សម្រាប់ការចរចាដំណាក់កាលបន្ទាប់?
*កិច្ចព្រមព្រៀងដែលមិនទាន់បានបង្ហាះជាសាធារណៈ
ទោះបីលោក Trump បានប្រកាសថា «everything is signed» ឬ «អ្វីៗត្រូវបានចុះហត្ថលេខារួចហើយ» ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងរដ្ឋបាលអាមេរិក និងភាគីអ៊ីរ៉ង់ នៅមិនទាន់បញ្ចេញអត្ថបទពេញលេញនៃអនុស្សារណៈយោគយល់ MoU នោះជាសាធារណៈនៅឡើយទេ។
យោងតាមព័ត៌មានដែលបានបង្ហាញដោយមន្ត្រីអាមេរិកលោក Trump និងអនុប្រធានាធិបតី អាមេរិកលោក JD Vance បានចុះហត្ថលេខាលើឯកសារនេះ តាមប្រព័ន្ធអេឡិចត្រូនិក ខណៈប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចុះហត្ថលេខាតំណាងឱ្យភាគីអ៊ីរ៉ង់។
ទន្ទឹមនឹងនេះ មន្ត្រីទាំងសងខាងក៏បានបញ្ជាក់ដែរថា ពិធីចុះហត្ថលេខាផ្លូវការនៅតែគ្រោងធ្វើឡើងនៅប្រទេសស្វីស នាថ្ងៃសុក្រ ខាងមុខនេះ។
ស្ថានភាពនេះ បានបង្កើតជាសំណួរមួយសម្រាប់អ្នកសង្កេតការណ៍។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបាន «ចុះហត្ថលេខារួចហើយ» ដូចការលើកឡើងរបស់លោក Trump មែន ហេតុអ្វីបានជាពិធីចុះហត្ថលេខាផ្លូវការ នៅតែត្រូវធ្វើឡើងនៅថ្ងៃសុក្រ? ហើយហេតុអ្វីបានជាអត្ថបទពេញលេញនៃ MoU នៅមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈ?
ជាក់ស្តែង អ្វីដែលត្រូវបានដឹងរហូតមកដល់ពេលនេះ គឺភាគីទាំងពីរបានឈានដល់ការយល់ព្រមលើក្របខណ្ឌមួយរួចហើយ ប៉ុន្តែព័ត៌មានលម្អិត និងខ្លឹមសារពេញលេញនៃកិច្ចព្រមព្រៀង នៅតែស្ថិតក្រោមការរង់ចាំការបង្ហាញជាផ្លូវការ។
*សង្គ្រាមបានឈប់ ប៉ុន្តែបញ្ហាស្នូលមិនទាន់ដោះស្រាយ
ព័ត៌មានដែលបានលេចចេញពី CNN និង Al Jazeera បង្ហាញថា អនុស្សារណៈយោគយល់ (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានគោលបំណងសំខាន់បី៖ ទី១ បញ្ចប់ការប្រយុទ្ធដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ទី២ បើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីស្តារសេរីភាពនាវាចរណ៍ និងលំហូរពាណិជ្ជកម្មថាមពលអន្តរជាតិ។ និងទី៣ បង្កើតបង្អួចនៃពេលវេលារយៈពេល ៦០ ថ្ងៃ សម្រាប់ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាការបន្ធូរទណ្ឌកម្មសេដ្ឋកិច្ច។
គោលបំណងទាំងបីនេះ បង្ហាញថា អ្វីដែលសម្រេចបាននៅពេលនេះ មិនទាន់ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយនៅឡើយទេ។ ផ្ទុយទៅវិញ វាមានលក្ខណៈជាក្របខណ្ឌនយោបាយបឋមមួយ សម្រាប់បញ្ឈប់ការប្រយុទ្ធ និងបើកផ្លូវឱ្យមានការចរចាបន្តលើបញ្ហាដែលស្មុគស្មាញជាងនេះ។
ជាក់ស្តែង សូម្បីតែអនុប្រធានាធិបតីអាមេរិក JD Vance ក៏បានទទួលស្គាល់ថា «ព័ត៌មានលម្អិតជាច្រើន នៅតែត្រូវដោះស្រាយបន្តទៀត»។ ការលើកឡើងនេះបង្ហាញថា ទោះបីសង្គ្រាមអាចត្រូវបានបញ្ឈប់មួយរយៈក៏ដោយ ប៉ុន្តែសំណួរស្នូលដែលជាប្រភពនៃវិបត្តិ នៅមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ។
ក្នុងចំណោមសំណួរទាំងនោះ មានទាំងបញ្ហាអនាគតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កម្រិតនៃការត្រួតពិនិត្យអន្តរជាតិ ការបន្ធូរ ឬដកទណ្ឌកម្មសេដ្ឋកិច្ច និងការរៀបចំរចនាសម្ព័ន្ធសន្តិសុខថ្មីនៅមជ្ឈិមបូព៌ា។ បញ្ហាទាំងនេះហើយ ដែលនឹងកំណត់ថា តើការផ្អាកសង្គ្រាមនៅថ្ងៃនេះ អាចវិវត្តទៅជាសន្តិភាពយូរអង្វែងនៅថ្ងៃស្អែកបានដែរឬទេ។
*លោក Trump កំពុងប្រកាសជ័យជម្នះនយោបាយ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការព្យាយាមរបស់លោក Trump ក្នុងការបង្ហាញថា កិច្ចព្រមព្រៀងថ្មីនេះ ខុសពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានចុះ ជាមួយអ៊ីរ៉ង់កន្លងមក។
លោក JD Vance បានចំណាយពេលជាច្រើនក្នុងបទសម្ភាសន៍ផ្សេងៗ ដើម្បីអះអាងថា កិច្ចព្រមព្រៀងរបស់លោក Trump ពេលនេះ មិនដូចជា«កិច្ចព្រមព្រៀងនុយក្លេអ៊ែ័រឆ្នាំ២០១៥» JCPOA ក្នុង សម័យរបស់លោក អូបាម៉ា ឡើយ។
បើតាមការលើកឡើងរបស់ JD Vance, ភាពខុសគ្នារវាងកិច្ចព្រមព្រៀងពេលនេះ និង ពេលមុន គឺកាលក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ា មានការចរចាជាមុន, ដាក់ទណ្ឌកម្មជាក្រោយ, ការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់មួយផ្នែក ជាថ្នូរនឹងការដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែរ។ចំណែកកិច្ចព្រមព្រៀងជំនាន់លោក Trump ពេលនេះវិញ គឺលោក ដូណាល់ ត្រាំ បានប្រើសម្ពាធយោធាជាមុន តាមរយៈការវាយប្រហារលើគោលដៅនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ រួចទើបចាប់ផ្តើមការចរចា។ ក្រោយមក ទើបមានការពិភាក្សាអំពីការបន្ធូរទណ្ឌកម្ម និងការរៀបចំទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ។
ក្នុងន័យនយោបាយ នេះគឺជាការបង្កើតនូវភាសាថ្មីមួយ គឺការបង្កើត«សន្តិភាពតាមរយៈការប្រើកម្លាំង» ឬ «វាយប្រហារមុន និងចរចា តាមក្រោយ»។ លោក Trump ចង់បង្ហាញថា គាត់សម្រេចបានអ្វី ដែលប្រធានាធិបតីមុនៗ មិនអាចធ្វើបាន គឺបង្ខំឱ្យអ៊ីរ៉ង់ចូលមកកាន់តុចរចា បន្ទាប់ពីប្រឈមនឹងសម្ពាធយោធា។
ប៉ុន្តែសំណួរសំខាន់នៅតែមាន៖ តើសម្ពាធយោធាអាចបង្កើតសន្តិភាពយូរអង្វែងបានដែរឬទេ ឬក៏វាគ្រាន់តែបង្កើតការផ្អាកជម្លោះមួយរយៈ មុនពេលវិបត្តិថ្មីផ្ទុះឡើងវិញ? ចម្លើយនឹងស្ថិតនៅលើលទ្ធផលនៃការចរចា ៦០ ថ្ងៃខាងមុខ ដែលនឹងកំណត់ថា កិច្ចព្រមព្រៀងបច្ចុប្បន្ន ជាជំហានឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាការផ្អាកសង្គ្រាមបណ្ដោះអាសន្នប៉ុណ្ណោះ។
*បញ្ហាមជ្ឈិមបូព៌ានៅមិនទាន់បញ្ចប់
ស្របពេលលោក Trump កំពុងប្រកាសជ័យជម្នះការទូត និងបង្ហាញកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ថាជាជំហានឆ្ពោះទៅរកសន្តិភាព ស្ថានការណ៍នៅមជ្ឈិមបូព៌ានៅតែមានភាពផុយស្រួយ និងពោរពេញដោយភាពមិនប្រាកដប្រជា។
ក្នុងការអត្ថាធិប្បាយជាលើកដំបូងរបស់លោក បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀង នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទទួលស្គាល់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក «មិនតែងតែមានទស្សនៈដូចគ្នាទាំងអស់ទេ»។ ការលើកឡើងនេះ បង្ហាញថា ទោះបីជាសម្ព័ន្ធមិត្តទាំងពីរមានគោលដៅរួមលើបញ្ហាអ៊ីរ៉ង់ក៏ដោយ ក៏មេដឹកនាំទាំងពីរ នៅតែមានភាពខុសគ្នាលើវិធីសាស្ត្រ និងទិសដៅនៃការដោះស្រាយវិបត្តិបញ្ហានេះ។
ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសលីបង់ ការប៉ះទង្គិចរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុម Hezbollah នៅតែបន្តកើតមាន ដោយភាគីទាំងសងខាងបន្តចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារ។
ភាពវិវត្តទាំងនេះ បង្ហាញថា ទោះបីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចឈានដល់ការយោគយល់គ្នាមួយក៏ដោយ ប៉ុន្តែវិបត្តិសន្តិសុខនៅមជ្ឈិមបូព៌ា មិនទាន់ត្រូវបានដោះស្រាយទាំងស្រុងនៅឡើយទេ។ ជម្លោះដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្ត និងក្រុមប្រដាប់អាវុធដែលអ៊ីរ៉ង់គាំទ្រ ឬដែលត្រូវបានអ៊ីស្រាអែលចាត់ទុកថា ជាការគំរាមកំហែង នៅតែបន្តក្លាយជាចំណុចផ្ទុះហានិភ័យសម្រាប់តំបន់។
និយាយម្យ៉ាងទៀត កិច្ចព្រមព្រៀងរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ អាចជួយបន្ធូរភាពតានតឹងរវាងរដ្ឋទាំងពីរក៏ពិតមែន ប៉ុន្តែវាមិនទាន់មានន័យថា ជម្លោះទាំងមូលនៅមជ្ឈិមបូព៌ាបានបញ្ចប់នោះទេ។ សន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ អាចជាការចាប់ផ្តើមនៃដំណោះស្រាយ ប៉ុន្តែមិនទាន់ជាទីបញ្ចប់នៃវិបត្តិក្នុងតំបន់នេះបានឡើយ។
*សេចក្តីសន្និដ្ឋាន៖ ៦០ ថ្ងៃដែលអាចកំណត់អនាគតតំបន់
ការពិតទៅ ព័ត៌មានសំខាន់បំផុតនៅថ្ងៃនេះ មិនមែនស្ថិតនៅលើសម្តីរបស់លោក Trump ដែលថា «កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខារួចហើយ» នោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើតបង្អួចពេលវេលា ៦០ ថ្ងៃមួយ សម្រាប់ការចរចាលើបញ្ហាពិបាក និងរសើបបំផុត ដែលជាឫសគល់នៃវិបត្តិទាំងមូល។
ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ ភាគីទាំងពីរនឹងត្រូវស្វែងរកចម្លើយចំពោះសំណួរសំខាន់ៗជាច្រើន៖ តើអ៊ីរ៉ង់ នឹងទទួលយកការត្រួតពិនិត្យអន្តរជាតិកម្រិតណា? តើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នឹងត្រូវដាក់កម្រិតបែបណា? តើសហរដ្ឋអាមេរិក នឹងបន្ធូរទណ្ឌកម្មសេដ្ឋកិច្ចបានដល់កម្រិតណា? ហើយសំខាន់ជាងគេ តើការផ្អាកការប្រយុទ្ធនៅថ្ងៃនេះ អាចវិវត្តទៅជាសន្តិភាពយូរអង្វែងនៅថ្ងៃស្អែកបានដែរឬទេ?
រហូតមកដល់ពេលនេះ អ្វីដែលលោក Trump សម្រេចបាន គឺមិនទាន់ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយនោះទេ។ វាគ្រាន់តែជាក្របខណ្ឌនយោបាយមួយ សម្រាប់បញ្ឈប់ការប្រយុទ្ធ បន្ធូរភាពតានតឹង និងបើកផ្លូវទៅរកការចរចានៅជុំថ្មី។
ដូច្នេះ ប្រសិនបើថ្ងៃនេះ ជាថ្ងៃនៃការបញ្ចប់ដំណាក់កាលសង្គ្រាម នោះវាក៏ជាថ្ងៃនៃការចាប់ផ្តើមដំណាក់កាលការទូតដ៏លំបាកបំផុតផងដែរ។
សង្គ្រាមអាចនឹងត្រូវបានផ្អាក ប៉ុន្តែសន្តិភាពពិតប្រាកដនៅមជ្ឈិមបូព៌ា មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។ ៦០ ថ្ងៃខាងមុខ នឹងក្លាយជាការសាកល្បងដ៏សំខាន់ថា តើកិច្ចព្រមព្រៀងនេះអាចបម្លែងពីការផ្អាកសង្គ្រាម ទៅជាសន្តិភាពយូរអង្វែងបានដែរឬទេ។
ពិតណាស់ សង្គ្រាមប្រហែលជាបានឈប់មួយរយៈពេល ប៉ុន្តែការប្រឡងដ៏ពិបាកបំផុត សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា ទើបតែចាប់ផ្តើមប៉ុណ្ណោះ៕



























