លោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ និងទស្សនកិច្ចសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងខេត្តសៀមរាប

16-06-2026 17:02

(សៀមរាប)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) មានប្រវែង ៣,៣៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិស្រិតកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ទៅកាន់ភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ផ្លូវ១ខ្សែនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដោយក្នុងនោះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨៩៤គ្រួសារ ស្មើនឹង ៥ ២៥៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ៦៨២គ្រួសារ ស្មើនឹង ១ ៥៧៦៨នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែមករា ឆ្នាំ២០២៦ សម្រេចវឌ្ឍនភាព ៩០% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញធ្វើទស្សនកិច្ចការអភិវឌ្ឍនានានៅក្នុងសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងជ្រើសរើសជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៦។ សហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ២០១៤ បច្ចុប្បន្នសហគមន៍នេះមានសមាជិកសរុបចំនួន ២៩១គ្រួសារ ស្មើនឹង ៧៦១នាក់ មកពីភូមិចំនួន ១៦ភូមិ នៃឃុំ សង្កាត់ចំនួន ៥ ផ្សេងគ្នា។ សហគមន៍នេះ មានផ្ទៃដីដាំដុះសរុប ១៧,៦០ហិកតា ដោយមានការដាំដុះបន្លែជាច្រើនប្រភេទ រួមទាំងបន្លែស្លឹក បន្លែមើម បន្លែដើម និងបន្លែផ្លែ ដោយប្រើប្រាស់បច្ចេកទេសដាំដុះនៅក្នុងផ្ទះសំណាញ់ និងនៅទីវាល ដែលអាចផ្គត់ផ្គង់ទិន្នផលទៅកាន់ទីផ្សារបានចន្លោះពី ១,៥តោន ទៅ ៣តោន ក្នុង១ថ្ងៃ។ ក្រៅពីនោះ សហគមន៍បាននិងកំពុងបង្កើតជាខ្សែចង្វាក់ផលិតកម្មផ្សេងទៀត ដោយការចិញ្ចឹមមាន់ ការផលិតនិងលក់ជីធម្មជាតិ ព្រមទាំងមានការចងក្រងជាឥណទានសាច់ប្រាក់ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រធានសហគមន៍ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការជួយអន្ដរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជនបទ ដោយបច្ចុប្បន្នក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងសហការគ្នាជាសហថាមពល ដែលហៅកាត់ថាក្រុមការងារ “ត្រី-វិស័យ” ធ្វើការជំរុញនិងអភិវឌ្ឍសហគមន៍នៅតំបន់ជនបទឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី ក៏បានស្វែងយល់អំពីតម្រូវការចាំបាច់នៅក្នុងសហគមន៍ដូចជា បង្គន់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍ និងតម្រូវការនានាផ្សេងទៀតឱ្យសហគមន៍មានការរីកចម្រើនបន្ថែមទៀតផងដែរ៕