អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងលើកទីពីរ ស្តីពី «ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ» ឆ្នាំ២០២៦
16-06-2026 17:52
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងលើកទីពីរ សម្រាប់ឆ្នាំ២០២៦ ស្តីពី «ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ» ក្រោមអធិបតីភាព លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នាសាលសន្និសីទអង្គរ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១០០នាក់។
សិក្ខាសាលានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ស្វែងយល់ និងចូលរួមការពារបរិស្ថាន ក្នុងតំបន់អង្គរ។
លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងសិក្ខាសាលា នាឱកាសនោះថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងបរិស្ថាន នៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាពវប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។
លោកបានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗ យកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។
សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី «ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរ»ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដង ក្នុងមួយឆ្នាំ៕


























