សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា (UMTA) ប្តេជ្ញាពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
16-06-2026 20:27
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយលោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគម ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ឈានមុខជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា។
ក្នុងជំនួបនៃកិច្ចពិភាក្សានេះ លោក U Kyaw Bohne Naing ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជារមណីយដ្ឋានអង្គរ តំបន់ឆ្នេរសមុទ្រ និងគោលដៅទេសចរណ៍បែបសាសនា ដែលអាចទាក់ទាញភ្ញៀវទេសចរមីយ៉ាន់ម៉ាមកទស្សនាកម្ពុជាកាន់តែច្រើននាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីតួនាទីរបស់សមាគមក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រឹងការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយរួមគ្នា និងការតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួមគ្នា កម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) វេទិកាធុរកិច្ចទេសចរណ៍ (B2B Forum) និងការអភិវឌ្ឍកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ ក៏នឹងពិភាក្សាអំពីការលើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងវិនិយោគិនរបស់មីយ៉ាន់ម៉ា ឱ្យស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទេសចរណ៍នៅកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យ UMTA ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍មីយ៉ាន់ម៉ា តាមរយៈបណ្តាញសមាជិករបស់សមាគម ព្រមទាំងជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមពីមីយ៉ាន់ម៉ា មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារមីយ៉ាន់ម៉ាឱ្យកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍សំខាន់ៗ ដូចជា តំបន់អង្គរ និងតំបន់បាកាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីទីផ្សារតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍នៃសហភាពមីយ៉ាន់ម៉ា (UMTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងជាស្ថាប័នតំណាងដ៏សំខាន់បំផុតមួយនៃវិស័យទេសចរណ៍ឯកជននៅមីយ៉ាន់ម៉ា ដែលមានសមាជិកប្រមាណ ១,០០០ អង្គភាព។ សមាគមនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់មីយ៉ាន់ម៉ា ដូចជា យ៉ាងហ្គូន បាកាន មណ្ឌាល័យ និងបឹងអ៊ីនឡេ ហើយត្រូវបានទទួលស្គាល់ថាជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់មីយ៉ាន់ម៉ា។
សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាប្រមាណ ៣៧,០០០នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣លាននាក់ ក្នុងនោះមានភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០,០០០នាក់៕















