កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យ ៥ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជិត ១០០នាក់
16-06-2026 20:43
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ ៥ទីតាំង នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញជនជាតិបរទេស ៩៩នាក់ ក្នុងនោះមានជនជាតិថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន និងចិន។
ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចម្រុះដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៥ ស្ថិតនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៩៩នាក់ ស្រី ៣៣នាក់ មាន ៥សញ្ជាតិ ឥណ្ឌូនេស៊ី៩០នាក់ ស្រី ២៨នាក់,ថៃ២នាក់ ស្រី១នាក, ម៉ាឡេស៊ី ២នាក់ ប្រុស, ហ្វីលីពីន ៣នាក់ស្រី និងចិន២នាក់ ស្រី១នាក់ រួមមានដូចខាងក្រោម៖
*ទីតាំងទី១ (ម្ចាស់ ភោគ រដ្ឋា) ផ្ទះ២ល្វែងកម្ពស់៣ជាន់ ១៦បន្ទប់ ជាបន្ទប់ស្នាក់នៅ រកឃើញជនជាតិឥណ្ឌូនេស៊ី៥២នាក់ ស្រី១៨នាក់ ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
*ទីតាំងទី២ (ម្ចាស់ នួន សៀនហេង) អគារកម្ពស់៤ជាន់ ៣៣បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី២១នាក់ ស្រី៧នាក់ ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
*ទីតាំងទី៣ (ម្ចាស់ តេង ចិន្ដា) អគារកម្ពស់៦ជាន់ ៣១បន្ទប់ រកឃើញជនជាតិថៃ ២នាក់ ស្រី១នាក់ ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
*ទីតាំងទី៤ (ញ៉េម ពលៈ) ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន១៧នាក់ ស្រី៣នាក់ ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
*ទីតាំងទី៥ (ម្ចាស់ ហួត ស្រ៊ាង) ផ្ទះ១ល្វែង កម្ពស់២ជាន់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៧នាក់ ស្រី៤នាក់ ៣សញ្ជាតិ ចិន២នាក់ ស្រី១នាក់ ហ្វីលីពីន៣នាក់ ស្រី ម៉ាឡេស៊ី២នាក់ ប្រុស ពុំមានសម្ភារសង្ស័យ អប់រំនិងធ្វើកិច្ចសន្យា៕



























