ក្រសួងបរិស្ថាន បន្តផ្តល់ជូនធុងសំរាម ៣ ៤៩២ធុង ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនតាមបណ្តាវត្តអារាម និងសាលារៀន
16-06-2026 20:51
(សៀមរាប)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម៣ ៤៩២ធុង ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បន្តចែកជូនតាមបណ្តាវត្តអារាម និងសាលារៀន ក្នុងខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងតំណាងអង្គការ សមាគមន៍ ដៃគូសហការមួយចំនួន។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះវត្តមានគណៈអធិបតី និងការចូលរួមពីអ្នកពាក់ព័ន្ធចំពោះការគាំទ្រ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព «ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ» របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញ។ តាមរយៈការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាបរិស្ថាន រដ្ឋបាលខេត្តបានអនុវត្តចលនារួមគ្នា ដើម្បីភាពស្អាត ភាពបៃតង ដោយលើកកម្ពស់សោភ័ណភាព និងធានានិរន្តរភាពធម្មជាតិនៅក្នុងក្រុងនិងស្រុកទាំង១៣។
ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការប្រគល់ធុងទុកដាក់សំរាមនាពេលនេះជាព្រឹត្តការណ៍សំខាន់មួយទៀត សម្រាប់គាំទ្រដល់សកម្មភាពប្រមូលទុកដាក់សំរាម ការញែកសំរាម និងការគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានខេត្តសៀមរាប។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រួមគ្នារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានមូលដ្ឋានគ្រឹះដឹកនាំសម្រេចបានជោគជ័យក្នុងវិស័យបរិស្ថាន របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ខុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តអនុវត្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញយិទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល និងកំពុងជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋចូលរួមរៀបចំផ្ទះយើងឱ្យបានស្អាត តាមរយៈការលើកកម្ពស់អនាម័យ បរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបណ្ឌិតបានបន្ថែមថា ការគ្រប់គ្រងសំរាមប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់មួយក្នុងការរក្សាភាពស្អាត សណ្តាប់ធ្នាប់សាធារណៈ ការពារសុខភាពសហគមន៍ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ដូច្នេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ និងបានជំរុញសកម្មភាព «ភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន និងភាពស្អាតលើឆាកអន្តរជាតិ» ដែល គឺជាសសរស្តម្ភគន្លឹះទាំង៣ នៃយុទ្ធសាស្ត្រ «ភាពស្អាត» ដែលលើកឡើងដោយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងកសាងមោទនភាពជាតិ និងធានាចីរភាពបរិស្ថាននៅកម្ពុជា។
លោករដ្ឋមន្រ្តី បានលើកឡើងថា ការផ្តល់ឧបករណ៍ទុកដាក់សំរាមនាពេលនេះ មិនត្រឹមតែជាការផ្តល់សម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ តាំងពីប្រភព រហូតអាចទាញប្រយោជន៍សេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន ដែលបានចូលរួម យ៉ាងសកម្មក្នុងការគាំទ្រទាំងស្មារតី មធ្យោបាយសម្ភារៈ និងបច្ចេកទេសជួយដល់ភាពស្អាត ភាពបៃតង ជាពិសេសការប្រគល់ធុងសំរាមនាពេលនេះ ក៏ដូចជា នៅតាមមូលដ្ឋានមណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលរងគ្រោះដោយសារការធ្វើសង្រ្គាមរំលោភទឹកដី ពីសំណាក់កងទ័ពថៃ នៅតាមបណ្តាព្រំដែនកម្ពុជា-ថៃ។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានលើកទឹកចិត្តដល់ រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ បន្តជំរុញការប្រមូល សម្អាត ទុកដាក់សំរាម និងធ្វើការញែកសំរាម ដឹកជញ្ជូនសំរាម ប្រកបដោយប្រសិទ្ធិភាព ដើម្បីបន្តរក្សាបាននូវភាពស្អាត និងភាពបៃតងសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកាន់ខេត្តសៀមរាបឱ្យបានច្រើនថែមទៀត និងការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានជំរុញឱ្យមានការចូលរួម បន្តដាំកូឈើ និងដើមឈើ ដើម្បីស្តារព្រៃឈើ និងបង្កើនគម្របបៃតង តាមអារាម សាលារៀន និងតាមទីសាធារណៈនានានិងចូលរួមទប់ស្កាត់ ការកាប់ និងការទន្រ្ទានដីព្រៃដោយខុសច្បាប់។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះក្រសួងបរិស្ថានបានផ្តល់ជូនធុងទុកដាក់សំរាម ដល់រដ្ឋបាលខេត្តសៀមរាប ចំនួន ៣ ៤៩២ធុង ក្នុងនោះផ្តល់ជូនមណ្ឌលសុខភាព ចំនួន ៣០៩ធុង
ជូនមណ្ឌលសុវត្ថិភាពជនភៀសសឹក ចំនួន ៣៦០ធុង និងសម្រាប់បែងចែកជូនដល់សាលារៀន វត្តអារាម ចំនួន ២៨២៣ធុង។
ទាក់ទាងការផ្តល់ឧបករណ៍ទុកដាក់សំរាម ក្រសួងបរិស្ថានមានផែនការចែកធុងសំរាម ទូទាំងប្រទេសចំនួនប្រមាណ ៦០ ០០០ធុង រហូតដល់ពេលនេះក្រសួងចែកបានចំនួន ២៩ ០៩១ធុង ដល់ខេត្តចំនួន១០ រួចមកហើយ។ នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន គ្រោងចែកជុងទុកដាក់សំរាមដល់រាជធានី ខេត្តទូទាំងប្រទេស៕

















