អ្នកជំនាញអារ្យធម៌ខ្មែរ៖ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ជាស្ពានតភ្ជាប់អរិយធម៌សន្ដិភាព ពីទឹកដីចក្រភពអង្គរទៅកាន់មនុស្សគ្រប់ជាតិសាសន៍
16-06-2026 21:01
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព" ដែលមានភ្ញៀវអន្ដរជាតិ និងគណៈប្រតិភូកាយរិទ្ធិនារីមកពីគ្រប់ជាតិសាសន៍ពីបណ្ដាប្រទេសជាង១១១ ជុំវិញពិភពលោក លើទឹកដីចក្រភពអង្គរ ខេត្តសៀមរាប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មហាសន្និបាតកាយឫទ្ធិនារីពិភពលោកនេះ គឺជាស្ពានតភ្ជាប់អរិយធម៌សន្ដិភាព ពីទឹកដីចក្រភពអង្គរ ទៅកាន់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់លើពិភពលោក។
ដោយហេតុថា មហាសន្និបាតកាយរិទ្ធនារីពិភពលោក ដ៏អធិកអធមលើកនេះ ជាវេទិកាកំពូលដែលបានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងគណៈប្រតិភូនារីមកពីបណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីរួមគ្នាកសាងស្ពានអរិយធម៌សន្ដិភាព ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភាសា វណ្ណៈ ឬនិន្នាការនយោបាយ។ ដើម្បីបង្កើតសាមគ្គីភាព សមភាព មិត្តភាពគ្មានព្រំដែន មកពីបណ្តាប្រទេសផ្សេងៗគ្នា ដោយពួកគេរៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកវប្បធម៌ និងបង្កើតមិត្តភាពជុំវិញពិភពលោក ជាបងប្អូនដោយភាពសិទ្ធិស្នាលដែលមិនអាចកាត់ថ្លៃបាន។
លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះ មហាសន្និបាតកាយរិទ្ធនារីពិភពលោកលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនេះ ជាវេទិកានៃការជួបជុំនិងការប្រើប្រាស់ភាសាបេះដូង ជាគុណតម្លៃរួមរបស់កាយរិទ្ធនារីលើពិភពលោក។ ទោះបីជានិយាយភាសាខុសគ្នា ប៉ុន្ដែការសន្យាតែមួយជាគុណតម្លៃរួមនោះគឺ "យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាពភាព" ដោយភាពស្មោះត្រង់ ការជួយសង្គ្រោះមិនគិតពីផលប្រយោជន៍ ក្រោមផ្ទៃមេឃតែមួយនៃពិភពលោក ជាជម្រកតែមួយរបស់មនុស្សជាតិ។
ដោយកាយរិទ្ធនារីពិភពលោក ជាថ្នាលបណ្ដុះវប្បធម៌អត់ឱន មិនប្រកាន់ជាតិសាសន៍ដើម្បីឲ្យស្រ្ដី ក្លាយជាពលរដ្ឋសកល មានស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រឹមតែចំពោះគ្រួសារ និងប្រទេសជាតិខ្លួនឯងនោះទេ ប៉ុន្តែចំពោះពិភពលោកទាំងមូលផងដែរ។ ពីព្រោះថា បើស្ពានអរិយធម៌សន្ដិភាពនេះ ត្រូវបានតភ្ជាប់កាន់តែរឹងមាំតាមរយៈស្រ្ដី ពិភពលោកនឹងកាន់តែមានសន្តិភាព ភាពសុខដុមរមនា នឹងកាត់បន្ថយនូវការយល់ច្រឡំ ឬជម្លោះរវាងជាតិសាសន៍ និងជាតិសាសន៍។ដូច្នេះ ការចូលរួម និងការគាំទ្រចលនាកាយរិទ្ធិនារីពិភពលោក គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពសកល និងការផ្សារភ្ជាប់បេះដូងមនុស្សជាតិវិញជាធ្លុងមួយលើពិភពលោក៕




























