ក្រសួងមហាផ្ទៃ ទទួលជំនួយជាទឹកប្រាក់ ២លានដុល្លារ សម្រាប់ពង្រឹងវិស័យសន្តិសុខ តាមរយៈគម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម នៅរាជធានីភ្នំពេញ
16-06-2026 21:09
(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយសន្តិសុខដ៏ម៉ឺងម៉ាត់របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ បានសម្រេចជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង «ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ» ដើម្បីលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពសង្គម នៅក្នុងរាជធានីភ្នំពេញ។
គួបញ្ជាក់ផងដែរថាតាមរយៈគម្រោងខាងលើនេះ សាលារាជធានីភ្នំពេញនឹងទទួលបានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសន្តិសុខដ៏ទំនើបរួមមាន៖ កាមេរ៉ាសុវត្ថិភាព (CCTV) ចំនួន ៤៨៧គ្រឿង ដែលមានបំពាក់ប្រព័ន្ធសម្គាល់ទម្រង់មុខ (Face Recognition) សម្គាល់ស្លាកលេខយានយន្ត (Vehicle Plate Number Recognition) និងមជ្ឈមណ្ឌលបញ្ជា (Command Center) ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងឆ្លើយតបចំពោះស្ថានភាពអាសន្ននានាបានទាន់ពេលវេលា (Real-time)។
អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោក យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង សន្យាថានឹងបន្តពង្រីកគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាត និងជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខនៅកម្ពុជា។
លោកបណ្ឌិត ទូច វិសាលសុខ ដែលជាអ្នកដឹកនាំអនុវត្តគម្រោង បានគូសបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងនេះ គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្រ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការធ្វើទំនើបកម្មសមត្ថភាពកងកម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍សន្តិសុខសកល។
ក្រសួងមហាផ្ទៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបុព្វហេតុសន្តិសុខជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលកម្ពុជា ឱ្យមានភាពឈ្លាសវៃ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕




