អ្នកឧកញ៉ា សៀ ឬទ្ធី ចាប់ដៃគូជាមួយ International SOS ផ្សារភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជន នាំយកសេវាវេជ្ជសាស្ត្រ និងសន្តិសុខកម្រិតពិភពលោកមកកម្ពុជា

16-06-2026 21:36

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានបង្ហាញការប្តេជ្ញាចិត្តដើរតួជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជន និងជំនាញកម្រិតសកល តាមរយៈចាប់ដៃគ្នាជាមួយក្រុមហ៊ុន International SOS នាំយកសេវាវេជ្ជសាស្ត្រ និងសន្តិសុខកម្រិតពិភពលោកមកកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន International SOS និងក្រុមហ៊ុន WorldBridge Group ដើម្បីកំណត់នូវស្តង់ដារនៃសេវាកម្មគាំទ្រផ្នែកថែទាំសុខភាព នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានអញ្ជើញជាអធិបតីដោយលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីការទូត តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ ដើម្បីអបអរសាទរ និងជាសក្ខីភាព នៃភាពជាដៃគូ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ជាសកល រយៈពេលបួនទសវត្សរ៍របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវេជ្ជសាស្ត្រ និងសន្តិសុខ ជាមួយនឹងភាពជាអ្នកដឹកនាំក្នុងស្រុកយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group ដែលកំពុងប្រតិបត្តិការពហុធុរកិច្ច ក្នុងវិស័យចម្រុះនៅកម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី បានថ្លែងថា ការសហការនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់របស់ប្រទេសកម្ពុជាសម្រាប់សន្តិសុខសុខភាព ខណៈពេលដែលកម្ពុជាកំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានថ្លែងបន្ដថា សសរស្តម្ភស្នូលមួយចំនួន ដែលនាំឱ្យកិច្ចសហការនឹងនាំយកមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមមាន៖ ការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិ (International Standard Assistance) ជាបណ្តាញជំនួយវេជ្ជសាស្ត្រសកល ២៤ម៉ោង/៧ថ្ងៃ ដែលផ្តល់ឱ្យអាជីវកម្មក្នុងស្រុកនូវការទទួលបានដោយផ្ទាល់នូវដំបូន្មានព្យាបាលឈានមុខគេលើពិភពលោក និងការសម្របសម្រួលសង្គ្រោះបន្ទាន់ ដែលពីមុនមានផ្តល់ជូនតែនៅក្នុងមជ្ឈមណ្ឌលសកលធំៗប៉ុណ្ណោះ។

ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Resilience) ដោយដោះស្រាយនូវអ្វីដែលអ្នកឧកញ៉ាបានពិពណ៌នាថាជា «ភស្តុភារកម្មនៃសុខភាព» តាមរយៈបណ្តាញលទ្ធកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។ ការច្នៃប្រឌិតសុខភាពឌីជីថល (Digital Health Innovation) ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់ និងឧបករណ៍ឌីជីថល ដើម្បីជួយដល់ស្ថាប័ននានាក្នុងការព្យាករណ៍ និងការពារវិបត្តិសុខភាពមុនពេលវាកើតឡើង ដែលជាការឈានទៅមុខលើសពីការព្យាបាលពេលមានជំងឺ មកជាការការពារ និងគ្រប់គ្រងសុខភាពទុកជាមុនវិញ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា «យើងចាត់ទុកការសហការនេះជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាល។ យើងប្តេជ្ញាចិត្តដើរតួជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជន និងជំនាញកម្រិតសកល»។

នាឱកាសនោះលោក Olivier Richard បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសបារាំង ចំពោះភាពជាដៃគូអន្តរជាតិ ដែលលើកកម្ពស់ស្តង់ដារសេវាថែទាំសុខភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមគ្នាក្នុងការនាំយកសក្តានុពលនេះមកកាន់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន International SOS និង WorldBridge Group នឹងផ្តល់នូវកញ្ចប់សេវាកម្មរួមបញ្ចូលគ្នាដល់ក្រុមហ៊ុនពហុជាតិ ស្ថានប័នការទូត ស្ថាប័នអន្តរជាតិ និងអតិថិជនឯកជនលំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញជាសកលនៃអ្នកជំនាញវេជ្ជសាស្ត្រ អ្នកជំនាញសន្តិសុខ និងប្រព័ន្ធបច្ចេកវិទ្យាសុខភាពឌីជីថលរបស់ក្រុមហ៊ុន International SOS ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ទំនាក់ទំនង និងជំនាញប្រតិបត្តិការដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន WorldBridge Group។

ការសហការនេះតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុន ព្រមទាំងធានាថាសន្តិសុខសុខភាពលំដាប់ពិភពលោក ត្រូវបានផ្តល់ជូនដល់អាជីវកម្ម និងប្រជាជន ដែលចាត់ទុកកម្ពុជាជាផ្ទះរបស់ពួកគេ។

សូមជម្រាបថា ក្រុមហ៊ុន International SOS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥ ក្រុមហ៊ុន International SOS គឺជាអ្នកផ្តល់សេវាវេជ្ជសាស្ត្រ និងសន្តិសុខឈានមុខគេនៅលើពិភពលោក ដោយការពារ និងសង្គ្រោះជីវិតមនុស្សសម្រាប់ស្ថាប័នជាង ៩,០០០ នៅទូទាំងសកលលោក។ ជាមួយនឹងបណ្តាញគ្របដណ្តប់លើសពី ៩០ប្រទេស ជាក្រុមហ៊ុនផ្តល់នូវការគ្រប់គ្រងហានិភ័យសុខភាព ការថែទាំវេជ្ជសាស្ត្រ ការឆ្លើយតបបន្ទាន់ និងសេវាកម្មប្រឹក្សាយោបល់ផ្នែកសន្តិសុខដល់រដ្ឋាភិបាល ក្រុមហ៊ុនសាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងពិភពលោក៕