ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ នៅស្រុកសំរោងទង

16-06-2026 21:46

(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អមដំណើរដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភចែកជូនដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ ភ្លៀង និងខ្យល់កន្ត្រាក់ ចំនួន១៨២គ្រួសារ នៅក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានរងផលប៉ះពាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក ហ៊ុន ម៉ានី បានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានជួយសម្រប់សម្រួលទុក្ខលំបាកចំពោះមុខជូនគ្រួសាររងគ្រោះភ្លាមៗ។ សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ទន្ទឹមនេះ ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្ដែងនូវក្តីរំភើបជាខ្លាំង ចំពោះថ្នាក់ដឹកនាំដែលបានអញ្ជើញចុះមកដល់ផ្ទាល់ និងជួយដោះស្រាយការលំបាករបស់ពួកគាត់។ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហ៊ុន ម៉ានី ក៏ដូចជាក្រុមការងារទាំងអស់ ដែលជានិច្ចកាលតែងតែផ្ដល់ភាពកក់ក្ដៅ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕