រដ្ឋមន្រ្តីសុខាភិបាល៖ «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុតរបស់មណ្ឌលសុខភាព»
16-06-2026 21:51
(សៀមរាប)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាពានរង្វាន់ដ៏ធំបំផុតរបស់មណ្ឌលសុខភាព»។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យនៅមណ្ឌលសុខភាព ស្រែណូយ ខេត្តសៀមរាប ដែលជាមណ្ឌលសុខភាពគោលដៅគំរូ ក្នុងឆ្នាំ២០២៥ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា ការទទួលបានជាមណ្ឌលសុខភាពគោលដៅគំរូ មិនមែនត្រឹមតែអបអរសាទរជោគជ័យទទួលបានប៉ុណ្ណោះទេ ប៉ុន្តែសូមថ្លែងអំណរគុណ ចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បងប្អូនទាំងអស់ ក្នុងការថែរក្សាសុខភាពប្រជាជន។
លើសពីនោះលោកសាស្ដ្រាចារ្យ បានលើកទឹកចិត្ដដល់មន្ដ្រី-បុគ្គលិក សូមបន្តធ្វើឱ្យមណ្ឌលសុខភាពរបស់យើងក្លាយជាគំរូនៃគុណភាព និងមនុស្សធម៌ សម្រាប់ប្រជាជនទូទៅ៕














































