រដ្ឋមន្ត្រី ហេង សួរ អញ្ជើញបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

16-06-2026 22:32

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញបិទទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងអ្នកពាក់ព័ន្ធ និងសិស្សនិស្សិតជាច្រើននាក់។

នាឱកាសនោះដែរ លោក ហេង សួរ បានលើកឡើងថា Tvet គឺពិតជាកិត្តិយសដ៏ឧត្តុងឧត្តមហើយជាកត្តាលិករដ៏សំខាន់នូវក្នុងការជំរុញទៅដល់អ្នកធ្វើគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាណាព្យាបាល សិស្ស ក៏ដូចជាយុវជនផ្ទាល់ ឱ្យមានការចាប់អារម្មណ៍និងទទួលស្គាល់នូវតម្លៃនៃការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយអនុសាសន៍ដែលសម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវអង្គពិធី គឺជាចក្ខុវិស័យ ជាកម្លាំង ដែលយើងជឿជាក់ថា អាចនឹងធ្វើឲ្យមានការវិវត្តជាវិជ្ជមានបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ចំពោះវិស័យ Tvet នៅកម្ពុជា ហើយខ្ញុំជឿជាក់ថា ទាំងដៃគូអភិវឌ្ឍន៍ ក្រសួងស្ថាប័ន វិស័យឯកជន និងបងប្អូនកម្មករនិយោជិត ដែលបានផ្ដល់តម្លៃទៅដល់ Tvet ហើយដែលបានទទួលនូវអត្ថប្រយោជន៍តាមរយៈ Tvet កន្លងមកនេះ ក៏មានសេចក្ដីរីករាយ ចំពោះអនុសាសន៍ ហើយនិងការផ្ដល់តម្លៃរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ចំពោះគន្លង Tvetនេះ ដូចដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញ Tvet មិនមែនជាជម្រើសកម្រិតពីរនោះទេ មានន័យថា Tvetមិនមែនជាជម្រើសដែលអន់ជាងជម្រើសដទៃនោះឡើយ។ ផ្ទុយទៅវិញ Tvet គឺជាជម្រើសដ៏វ័យឆ្លាត ហើយ Tvet ក៏ជាជម្រើសដែលមិននៅនឹងថ្កល់ឬមួយទាល់ដូចពីមុននោះឡើយ»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបន្ដថា Tvet គឺជាកម្មវិធីអប់រំ ជាកម្មវិធីបណ្តុះបណ្ដាល ដែលមានភាពបត់បែនគ្រប់កម្រិត គ្រប់វិស័យ ហើយដែលអាចឲ្យទាំងយុវជន សិស្ស និស្សិត និងកម្មករនិយោជិត ដែលកំពុងតែធ្វើការរួមទាំងម្ចាស់សហគ្រាស ដែលកំពុងតែដឹកនាំសហគ្រាស អាចវិលចូលមកដើម្បីបំពេញបន្ថែមនូវទៅជំនាញថ្មីៗ ដែលត្រូវការចាំបាច់ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីពង្រឹងលទ្ធភាពខ្លួនឯង និងដើម្បីដើម្បីពង្រឹងភាពម្ចាស់ការខ្លួនឯង។ ដូច្នេះTvet គឺជាជម្រើសដ៏ល្អ ដែលមានភាពបត់បែនហើយឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ហើយ Tvet ចង់រៀន២ តូចដល់ធំក៏បាន ចង់រៀនរហូតក៏បាន ចង់រៀនហើយឈប់សិនក៏បាន ចាំពេលដែលយើងគិតថាច្បាស់លាស់ គិតថាមានមូលដ្ឋានរឹងមាំ ផ្នែកសេដ្ឋកិច្ច យើងអាចវិលត្រឡប់មកវិញ ហើយយើងអាចបន្តទាំងនៅពេលម៉ោងធ្វើការ ទាំងក្រៅម៉ោងធ្វើការ ទាំងនៅតាមរយៈថ្នាក់រៀនផ្ទាល់ ឬមួយក៏តាមរយៈថ្នាលឌីជីថលផងដែរ។

សូមបញ្ជាក់ថា កម្មវិធីរយៈពេល២ថ្ងៃ នៅកោះពេជ្រ មានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ៕