ក្រសួងរៀបចំដែនដី ឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ឈ្មោះ ស៊ន ប៊ុនថេង ចំពោះការទិញលក់គម្រោងបុរី ម៉ន ដានី ដោយក្លែងបន្លំឯកសារ
17-06-2026 09:51
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ឈ្មោះ ស៊ន ប៊ុនថេង ចំពោះការទិញលក់គម្រោងបុរី ម៉ន ដានី ស្របពេលដែលបុគ្គលរូបនេះ ប្រើប្រាស់ឯកសារក្លែងបន្លំ។
នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួង ដ.ន.ស. បានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុ សរុបចំនួន ១៨៨គម្រោង ដោយបានសម្របសម្រួលដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងសិក្សាសម្របសម្រួលបន្តដោះស្រាយចំនួន ៣៨គម្រោង។
ក្នុងចំណោមនេះ ក្រសួង បានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោងបុរី ខេភី ម៉ន ដានី សរុបចំនួន ៣៦គម្រោង។ ក្រសួងបានសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងទិន្នន័យក្បាលដី ធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន និងបានអញ្ជើញអតិថិជន, តំណាងក្រុមហ៊ុន, ម្ចាស់ដី, ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំសម្របសម្រួលដោះស្រាយដោយឈរលើស្មារតីយោគយល់គ្នា ដោយការទទួលខុសត្រូវ និងតាមគោលការណ៍ ឈ្នះឈ្នះ សំដៅធានាបាននូវសមធម៌ គុណធម៌ និងសច្ចធម៌ សម្រាប់អ្នកពាក់ព័ន្ធគ្រប់ៗគ្នា។
ជាលទ្ធផល ក្រសួង បានសម្របសម្រួលដោះស្រាយបញ្ចប់ ២៦គម្រោង និងបានផ្តល់បណ្ណកម្មសិទ្ធិជូនអតិថិជនសរុប ៨ ៨៥១បណ្ណ។ ក្នុងនោះ គម្រោងទី២ ទី២៩ ក្រសួងបានផ្តល់បណ្ណកម្មសិទ្ធិជូនអតិថិជនចំនួន ៤លើក សរុប ២ ៤៧៨បណ្ណ។ ក្រសួង គ្រោងនឹងបន្តនីតិវិធីផ្ទេរកម្មសិទ្ធិ និងចេញបណ្ណកម្មសិទ្ធិជូនអតិថិជនដែលបានបង់រំលស់ ឈានទៅផ្តល់បណ្ណកម្មសិទ្ធិនៅពេលខាងមុខនេះជាបន្តទៀត។
ដោយឡែក ក្រសួង ដ.ន.ស. និងក្រុមការងារ បានរកឃើញថា បុគ្គលឈ្មោះ សន ប៊ុនថេង ដែលជាអតីតអ្នកតំណាងគម្រោងបុរី ខេភី ម៉ន ដានី បានក្លែងបន្លំ និងកេងចំណេញក្នុងពេលដែលគម្រោងបុរីមានបញ្ហា ដោយបានឱ្យឈ្មោះ ម៉ន ដានី ផ្តិតស្នាមមេដៃលើឯកសារទិញលក់មួយចំនួន និងបានយកឈ្មោះសាច់ញាតិរបស់ខ្លួន រួមមាន បងបង្កើត ប្អូនបង្កើត បងថ្លៃ ក្មួយ និងបុគ្គលផ្សេងទៀត មកឈរឈ្មោះជាអតិថិជនទិញផ្ទះនិងដីឡូត៍ពីគម្រោង បុរី ខេភី ម៉ន ដានី ដែលផ្ទះនឹងដីឡូត៍ទាំងនោះ មួយចំនួនមានម្ចាស់រួចហើយ ដែលអតិថិជនបានទិញមានឯកសារបញ្ជាក់ត្រឹមត្រូវនិងពិតប្រាកដជាមួយគម្រោង និងមួយចំនួនទៀតពុំមានក្នុងប្រព័ន្ធទិន្នន័យរបស់បុរី គ្មានឯកសារគ្រប់គ្រាន់ក្នុងការផ្ទេរកម្មសិទ្ធិ និងមិនមានការទទួលដឹងឮពីឈ្មោះ ម៉ន ដានី ឡើយ។
ទោះបីជាមានដំណោះស្រាយ និងការផ្តល់បណ្ណកម្មសិទ្ធិជាបន្តបន្ទាប់ជូនអតិថិជនរបស់គម្រោងក៏ដោយ ក៏បុគ្គលឈ្មោះ សន ប៊ុនថេង នៅតែបន្តញុះញង់ក្រុមបក្ខពួករបស់ខ្លួនឱ្យមានការតវ៉ា។ ជាក់ស្តែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ មានការតវ៉ាដោយថតជាវីដេអូ និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដែលបង្កឱ្យមានការភាន់ច្រឡំ និងបំពុលបរិយាកាសសង្គមយ៉ាងធ្ងន់ធ្ងរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តអំពាវនាវឱ្យបងប្អូនជាអតិថិជនទាំងអស់ ចូលរួមដោះស្រាយជាមួយក្រុមការងារក្រសួង ដើម្បីបញ្ចប់បញ្ហាពិតប្រាកដ។ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈចូលរួមដោះស្រាយ ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីយោគយល់គ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការផ្តល់បណ្ណកម្មសិទ្ធិ៕





