ក្រសួងសាធារណការ ប្រកាសបើកដំណើរការអនុស្ថានីយជញ្ជីងអចល័ត ព្រះគន្លង ខេត្តកណ្តាល សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

17-06-2026 11:18

(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបង្កើតអនុស្ថានីយជញ្ជឹងអចល័តថ្លឹង យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ១កន្លែង មានឈ្មោះថា អនុស្ថានីយ ព្រះគន្លង ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចគ.មលេខ ៣០+៥៩០ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណុះឱ្យស្ថានីយជញ្ជាំងអចល័ត កំពង់ភ្នំ ខេត្តកណ្តាល។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា អនុស្ថានីយ ព្រះគន្លង ខេត្តកណ្តាល នឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ និងផ្សព្វផ្សាយអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ និងអនុវត្តវិធានការតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦តទៅ។

សូមសាធារណជន ពិសេសសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារ បញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នក ពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមសហការជាមួយមន្ត្រីមានសមត្ថកិច្ចដែលបំពេញ ភារកិច្ចប្រចាំការនៅទីតាំងអនុស្ថានីយជញ្ជឹងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ខាងលើ ដោយគោរពអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ទាំងអស់គ្នា៕