ពីភាពក្រីក្រទៅកាន់ទ្រព្យធន៖ របរដាំដើមប្រេងខ្យល់ជាជម្រើសថ្មី របស់ពលរដ្ឋដាច់ស្រយាលនៅស្រុកសំបូរ
17-06-2026 13:43
(ក្រចេះ)៖ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ ដែលជាភូមិសាស្ត្រដាច់ស្រយាលមួយក្នុងទឹកដីភាគឦសានប្រទេសកម្ពុជា។ ក្នុងឃុំនេះមានប្រជាពលរដ្ឋរស់នៅច្រើនគ្រួសារតែជីវភាពមិនសូវល្អប្រសើរឡើយ។
របរដែលប្រជាពលរដ្ឋនៅតំបន់នោះ ពឹងអាស្រ័យមានការធ្វើស្រែចម្ការ នេសាទត្រី រកអនុផលព្រៃឈើ រកសត្វព្រៃជាដើម។ ដោយសារភូមិឋាននេះជាប់នឹងព្រៃឡង់ មានប្រជាពលរដ្ឋខ្លះចូលព្រៃកាប់ឈើដែរ។ របរដែលមិនច្បាស់លាស់នេះ មិនបានធ្វើឱ្យជីវភាបរបស់ពួកគេបានល្អប្រសើរនោះឡើយ។
ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមទីជនបទដាច់ស្រយាលដោយភ្ជាប់ជាមួយគម្រោងវិនិយោគ គឺជាគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យក។ ការវិនិយោគតាមទីជនបទ បានផ្តល់ការងារ និងប្រាក់ចំណូលទៀងទាត់ជូនប្រជាពលរដ្ឋ។
ឆ្នាំ២០១៩ ដើម្បីប្រែក្លាយដីព្រៃរិចរិលទៅជាថាមពលថ្មីសម្រាប់សេដ្ឋកិច្ចនៅទីជនបទ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំជិត ៣ម៉ឺនហិកតា ក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជូនក្រុមហ៊ុនហូលីផ្លេនថេសិន ដាំដុះដើមប្រេងខ្យល់។
តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានផ្តល់ការងារទៀងទាត់ជូនប្រជាពលរដ្ឋនៅក្នុងឃុំបឹងចារ ស្រុកសំបូរ តាមរយៈការដាំដើមប្រេងខ្យល់ ការថែទាំដើមប្រេងខ្យល់ ការកាត់ប្រមូលដើមប្រេងខ្យល់ និងការធ្វើការងារនៅក្នុងរោងចក្រកែច្នៃឈើជាដើម។ តាមរយៈការងារក្នុងចំការដើមប្រេងខ្យល់ ដែលជាចម្ការឈើដាំខ្នាតយក្សលើកដំបូងនៅកម្ពុជានេះ បានផ្តល់ប្រាក់ចំណូលទៀងទាត់ ហើយក៏បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់បានល្អប្រសើរជាងមុន។
មិនត្រឹមផ្តល់ការងារ និងប្រាក់ចំណូលប៉ុណ្ណោះទេ តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានចូលរួមចំណែកធ្វើផ្លូវ និងស្ពានសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងការដឹកកសិកផលកាន់តែងាយស្រួល។
បើទោះបីការដាំដុះដើមប្រេងខ្យល់ទទួលបានជោគជ័យយ៉ាងណាក្តី តែបរិមាណឈើដែលបានដាំប្រមាណ ១៣ ០០០ហិកតាក្នុងរយៈពេល៧ឆ្នាំមកនេះ មិនអាចផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ច្រវាក់ផលិតកម្មកែច្នៃឈើដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជានោះឡើយ។
ដើម្បីជាដំណោះស្រាយឈ្នះ-ឈ្នះ ដែលជាអភិក្រមនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ជួយឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋទទួលបានប្រយោជន៍ទាំងអស់គ្នា ក្រុមហ៊ុនហូលីផ្លេនថេសិន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតំបន់នោះ ដាំដើមប្រេងខ្យល់ ហើយក្រុមហ៊ុនជាអ្នកប្រមូលទិញត្រឡប់មកវិញ។ ការដាំនេះទៀតសោត ក្រុមហ៊ុន បានផ្តល់ទាំងកូនប្រេងខ្យល់ជូនទៅប្រជាពលរដ្ឋដោយមិនមានការលក់ដូរនោះទេ។
បើតាមការរៀបរាប់ទាំងខាងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលបានចាប់យករបរដាំដើមប្រេងខ្យល់នេះ បានឱ្យដឹងថា ដើមប្រេងខ្យល់ងាយស្រួលដាំ ហើយមិនលំបាកថែទាំនោះឡើយ ពោលមិនហត់ស្រោចទឹក ឬដាក់ជីនោះទេ គេគ្រាន់តែកាត់ស្មៅ និងថែទាំកុំឱ្យភ្លើងឆេះប៉ុណ្ណោះ។ ក្រោយដាំ៥ឆ្នាំ ដើមប្រេងខ្យល់នឹងត្រូវប្រមូលផលដោយមួយដើមអាចបានទម្ងន់ចាប់ពី១០០គីឡូក្រាមឡើងទៅ។ បន្ទាប់ពីកាត់លើកទី១ហើយនោះ ដើមប្រេងខ្យល់នឹងបន្តដុះចេញពីគល់ដែលកាត់ច្រើនដើម តែជាទូទៅគេរក្សាទុកតែពីរដើមប៉ុណ្ណោះ ហើយការលូតលាស់លឿនឆាប់បានប្រមូលផលទៀតផង។ ការកាត់ហើយដុះបែបនេះ អាចបានរហូតដល់ទៅបួនដង។
ដើមប្រេងខ្យល់ដែលប្រមូលផល ត្រូវបានក្រុមហ៊ុនទិញក្នុងមួយតោនតម្លៃ ៤៥ដុល្លារ។ ពីជីវភាពធ្លាប់ខ្វះខាត របរដាំដើមប្រេងខ្យល់បានក្លាយជាប្រភពចំណូលបន្ថែមពីលើការងារស៊ីឈ្នួលជាមួយក្រុមហ៊ុន និងរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ របរដាំដើមប្រេងខ្យល់បានក្លាយជាថាមពលសេដ្ឋកិច្ចថ្មី ជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅទីឋានទីដាច់ស្រយាលនេះ មានភាពល្អប្រសើរជាងមុន។
ពេលមិនទាន់ទទួលបានផល ការជំរុញ និងលើកទឹកចិត្តឱ្យដាំដើមប្រេងខ្យល់នៅតំបន់នោះ ជាការលំបាក ប៉ុន្តែក្រោយពេលដើមប្រេងខ្យល់ទទួលបានផល បានក្លាយទៅជាកម្លាំងចិត្តសម្រាប់ប្រជាពលរដ្ឋ ហើយពួកគេនឹងបន្តពង្រីកការដាំដុះនៅលើផ្ទៃដីដែលពួកគេទុកចោលនាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋនៅឃុំបឹងចារមានក្តីសង្ឃឹមយ៉ាងមុតមាំថា របរដាំដើមប្រេងខ្យល់នេះ នឹងជួយធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។
ការវិនិយោគដាំប្រេងខ្យល់របស់ក្រុមហ៊ុនហូលីផ្លេនថេសិន និងការចាប់យករបរដាំដើមប្រេងខ្យល់របស់ប្រជាពលរដ្ឋនៅក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់នឹងព្រៃឡង់នេះ មិនត្រឹមតែជាពរជ័យជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកការពារបទល្មើសកាប់បំផ្លាញព្រៃឈើធម្មជាតិនៅតំបន់នោះថែមទៀតផង។ ប្រជាពលរដ្ឋដែលធ្លាប់ចូលព្រៃកាប់ឈើលក់ ក៏សម្រេចបោះបង់របរនោះ បន្ទាប់ពីពួកគាត់មានការងារ និងចំណូលច្បាស់លាស់៕


































