រដ្ឋមន្ត្រី ហេង សួរ លើកឡើងថា Tvet មិនមែនជាជម្រើសដែលអន់ជាងជម្រើសដទៃនោះឡើយ

17-06-2026 14:00

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា Tvet មិនមែនជាជម្រើសដែលអន់ជាងជម្រើសដទៃនោះឡើយ ហើយ Tvetក៏ជាជម្រើសដែលមិននូវនឹងថ្កល់ ឬមួយទាល់ដូចពីមុននោះឡើយ។

ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងកម្មវិធីបិទទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

នាឱកាសនោះដែរ លោក ហេង សួរ បានថ្លែងថា Tvet គឺពិតជាកិត្តិយសដ៏ឧត្តុងឧត្តមហើយជាកត្តាលិករដ៏សំខាន់នូវក្នុងការជំរុញទៅដល់អ្នកធ្វើគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាណាព្យាបាល សិស្ស ក៏ដូចជាយុវជនផ្ទាល់ ឱ្យមានការចាប់អារម្មណ៍និងទទួលស្គាល់នូវតម្លៃនៃការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយអនុសាសន៍ដែលសម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវអង្គពិធី គឺជាចក្ខុវិស័យ ជាកម្លាំង ដែលយើងជឿជាក់ថា អាចនឹងធ្វើឲ្យមានការវិវត្តជាវិជ្ជមានបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះវិស័យ Tvet នៅកម្ពុជា ហើយខ្ញុំជឿជាក់ថា ទាំងដៃគូអភិវឌ្ឍន៍ ក្រសួងស្ថាប័ន វិស័យឯកជន និងបងប្អូនកម្មករនិយោជិត ដែលបានផ្ដល់តម្លៃទៅដល់ Tvet ហើយដែលបានទទួលនូវអត្ថប្រយោជន៍តាមរយៈ Tvet កន្លងមកនេះ ក៏មានសេចក្ដីរីករាយ ចំពោះអនុសាសន៍ ហើយនិងការផ្ដល់តម្លៃរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ចំពោះគន្លង Tvetនេះ ដូចដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីម្សិលមិញ Tvet មិនមែនជាជម្រើសកម្រិតពីរនោះទេ មានន័យថា Tvetមិនមែនជាជម្រើសដែលអន់ជាងជម្រើសដទៃនោះឡើយ។ ផ្ទុយទៅវិញ Tvet គឺជាជម្រើសដ៏វ័យឆ្លាត ហើយ Tvet ក៏ជាជម្រើសដែលមិននៅនឹងថ្កល់ឬមួយទាល់ដូចពីមុននោះឡើយ»

សូមបញ្ជាក់ថា កម្មវិធីរយៈពេល២ថ្ងៃ នៅកោះពេជ្រ មានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុងរបស់ លោក ហេង សួរ ដូចខាងក្រោម៖