ចាប់អ្នកឆក់ត្រី១៧២នាក់ តែរត់រួចអស់ ១៣២នាក់ នៅតំបន់អភិរក្សលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
17-06-2026 14:13
(បាត់ដំបង)៖ ក្រុមអ្នកដើរឆក់ត្រីដោយប្រើអាគុយស្ពាននៅនឹងខ្នងប្រមាណ ១៧២នាក់ ត្រូវបានកម្លាំងយោធាបង្ក្រាប ពេលពួកគេកំពង់ដើរឆក់ត្រីក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទលេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
ពេលកំពុងបង្ក្រាបនោះ ដោយសារកម្លាំងយោធាមានគ្នាតិច ក្រុមអ្នកឆក់បាននាំគ្នាបុករត់គេចខ្លួនចំនួនពីរលើក ដោយលើកទី១ រត់អស់ ១២០នាក់ និងលើកទី២ រត់អស់ ១២នាក់ទៀត។ ដូច្នេះអ្នកឆក់ដែលនសល់មានតែ ៤០នាក់ប៉ុណ្ណោះ។ ប្រពភបានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកឆក់នេះ ត្រូវបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ការប្រើឧបករណ៍ឆក់ត្រីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានត្រី និងជីវៈចម្រុះដទៃទៀត។ ការឆក់ត្រីដោយប្រើឧបករណ៍ឆក់នេះ កាលពីខែឧសភា កន្លងទៅ ត្រូវបានយោធាបង្ក្រាបអ្នកឆក់ម្នាក់ដែរ។ ពេលនោះ មានអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងក្តីអាណិតអាសូរ ដោយផ្អែកលើស្ថានភាពជីវភាពរបស់ពួកគេ ហើយក៏ត្រូវបានស្នើឱ្យតុលាការដោះលែងទៅវិញ។
សាធារណមតិមួយចំនួនបានលើកឡើងថា អំពើល្មើសច្បាប់មិនគួរលើកទឹកចិត្ត ក្រោមរូបភាពអាណិតអាសូរព្រោះស្ថានភាពជីវភាពនោះទេ។ បើអ្នកប្រព្រឹត្តបទល្មើសតែងទទួលបានការអនុគ្រោះ អ្នកប្រព្រឹត្តល្មើសនឹងមិនខ្លាចរអានឹងច្បាប់នោះឡើយ។ មិនត្រឹមអ្នកប្រព្រឹត្តល្មើសមិនខ្លាចរអានោះទេ អាចវាយបំបាក់ទឹកចិត្តអ្នកអនុវត្តច្បាប់ថែមទៀតផង។
បន្ថែមពីលើនោះ អាចជំរុញទៅជាអំពើពុករលួយរវាងអ្នកអនុវត្ត និងអ្នកប្រព្រឹត្តថែមទៀត។ បើចាប់ទៅហើយ សម្រែកក្តីអាណិត តែងឱ្យអ្នកប្រព្រឹត្តរួចខ្លួនដដែល ដូច្នេះពេលចាប់បានទទួលសំណូកដោះលែងតែម្តងមិនជាការល្អទេឬ?
សូមប្រជាពលរដ្ឋកុំនេសាទល្មើសច្បាប់ ព្រោះវាបំផ្លាញធនធានត្រី។ រួមគ្នាបញ្ឈប់វប្បធម៌អាណិតអ្នកប្រព្រឹត្តល្មើសច្បាប់ ហើយលើកទឹកចិត្តឱ្យពួកគេឈប់ប្រព្រឹត្តរឿងខុសច្បាប់៕





