ក្មេងទំនើង១០នាក់ ​បង្ហោះ​ម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវ ត្រូវកម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ​បង្ក្រាប និងឃាត់ខ្លួន​យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ តែបានដកហូតម៉ូតូទុកជាបណ្តោះអាសន្ន

17-06-2026 14:24

(កំពង់ស្ពឺ​)៖ ​ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់​​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​, កម្លាំង​ជំនាញកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​ បាន​បង្ក្រាប និងឃាត់ខ្លួន​ក្មេងទំនើងដែលនិយម ចូលចិត្ត​បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន​​ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ជា​បន្ត​បន្ទាប់​នាពេលកន្លងមក។

ជាក់ស្តែង​ថ្មីៗ​នេះ​ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាប​​​​ និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់។ នៅវេលាម៉ោងប្រមាណ ២១៖៣០នាទីនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្មេង​ទំនើង​មួយ​ក្រុម​នេះ ​បានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​​​នៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ដែល​ជាហេតុបង្កឲ្យភាពអ​នា​ធិប​តេយ្យ​ ប៉ះពាល់ដល់សុខសុវត្តិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន​​​​​​​​​ បាត់សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។

ក្មេងទំនើងទាំង១០នាក់នេះរួមមាន៖

*ទី១៖ ឈ្មោះ នី ដានីន អាយុ២១ឆ្នាំ មុខរបរកម្មករ
*ទី២៖ ឈ្មោះ យ៉ាន ចាន់ អាយុ១៦ឆ្នាំ មុខរបរកម្មករ
*ទី៣៖ ឈ្មោះ ភាព សាន់នី អាយុ១៩ឆ្នាំ មុខរបរកម្មករ
*ទី៤៖ ឈ្មោះ វឿន វណ្ណេត អាយុ១៧ឆ្នាំ មុខរបរកម្មករ
*ទី៥៖ ឈ្មោះ ផុន សុផាក អាយុ២៤ឆ្នាំ មុខរបរកម្មករ
*ទី៦៖ ឈ្មោះ គុណ សំណាង អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៧៖ ឈ្មោះ​ ទីន ស៊ីណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៨៖ ឈ្មោះ ហាក់ ប៊ុនសាក់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៩៖ ឈ្មោះ រិន ភារៈ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី១០៖ ឈ្មោះ រិទ្ធ វាសនា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ ​ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ផ្លាកលេខកំពង់ឆ្នាំង 1G-4644, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-7395, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KU-6795, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ធំ 1U-0188, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ឆ្នាំង 1Q-1266) និងទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក IPHONE ១១គ្រឿង, VIVO ០១គ្រឿង)ថែមទៀត។

បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ​ ឪពុក ​​​និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕