អាជ្ញាធរស្រុកស្អាង ចុះផ្អាកសំណង់រឹងមាំគ្មានច្បាប់១កន្លែង ដែលសង់ចូលដីចំណីទន្លេបាសាក់ និងស្នើឱ្យពលរដ្ឋគោរពច្បាប់សាងសង់
17-06-2026 14:30
(កណ្ដាល)៖ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ខេត្តកណ្តាល បានឱ្យក្រុមការងារចុះផ្អាកសំណង់រឹងមាំដ៏ធំ ១កន្លែង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ដែលពុំបានសុំច្បាប់ត្រឹមត្រូវ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។
លោកអភិបាលស្រុក បានថ្លែងប្រាប់ភ្នាក់ថារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា «រដ្ឋបាលស្រុកមិនអនុញ្ញាតឱ្យមានសំណង់រឹងមាំណាមួយរំលោភយកដីទន្លេ ឬផ្លូវសាធារណៈឡើយ ប៉ុន្តែ បើចង់សាងសង់ការទប់ច្រាំងទន្លេ ឬចង់អភិវឌ្ឍន៍ផ្សេងៗ គួរគប្បីម្ចាស់ទីតាំងមកសុំច្បាប់ទម្លាប់ដល់រដ្ឋបាលស្រុកស្អាងឱ្យបានត្រឹមត្រូវជាមុនសិន»។
សូមជម្រាបថា រដ្ឋបាលស្រុកស្អាង បានធ្វើការកែសម្រួល និងរៀបចំសណ្ដាបយធ្នាប់ផ្លូវសាធារណៈដែលត្រូវបានរំលោភយកដោយពលរដ្ឋអមសងខាងផ្លូវ ដែលប្រតិបត្តិការនេះដើម្បីរំដោះចិញ្ចើមផ្លូវឱ្យបានស្អាត មានសណ្ដាប់ធ្នាប់ ទូលាយ ហើយទទួលបានការសាទរជាពន្លឹកពីសំណាក់ប្រជាពលរដ្ឋពេញស្រុកស្អាងតែម្ដង។ ប៉ុន្តែបែរជាមានករណីមួយរបស់អ្នកលុយម្នាក់ លួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេស្ងាត់ៗទៅវិញ ដែលផ្ទុយពីគោលបំណង របស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកស្អាងដែកបានខិតខំធ្វើការយ៉ាងសស្រាក់ស្រាំ។
ជុំវិញបញ្ហានេះភ្នាក់ងារព័ត៌មាន Fresh News មិនអាចស្នើសុំការបកស្រាយណាមួយពីម្ចាស់ទីតាំងដ៏ធំនេះបាននៅឡើយទេ។
គួរម្លឹកថា អភិបាលខេត្តកណ្ដាល លោក គួច ចំរើន កាលពីពេលថ្មីៗនេះក្នុងក្មវិធីចែកប្លង់ដីជូនពលរដ្ឋស្រុកស្អាង ក៏បានលើកឡើងពីបញ្ហាសំណង់យ៉ាងច្រើននៅស្រុកស្អាង ដែលលួចសាងសង់ដោយគ្មានសុំច្បាប់ទម្លាប់នោះឡើយ ។
លោកអភិបាលខេត្ត ណែនាំឱ្យរដ្ឋបាលស្រុកស្អាង យកចិត្តទុកឱ្យមែនទែនទៅលើបញ្ហានេះ និងស្នើប្រជាពលរដ្ឋទាំងអស់ មានមនសិការគោរពច្បាប់ទាំងអស់គ្នា៕













