សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការលក់ទំនិញខូចគុណភាព នៅតាមផ្សារធំៗក្នុងក្រុង
17-06-2026 14:32
(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ភុំ ផៃឌឿន ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយលោក អ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប ខេត្តពោធិ៍សាត់, លោកស្រី សេង ហួយ អភិបាលរងក្រុង ព្រមទាំងតំណាងមន្ទីរពាណិជ្ជកម្ម និងកងរាជអាវុធហត្ថ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយច្បាប់នៅផ្សារពោធិ៍សាត់ និងផ្សារភួពុយ។
ប្រតិបត្តិការនេះមានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការលក់ទំនិញហួសសុពលភាព ទំនិញខូចគុណភាព ទំនិញវេចខ្ចប់ខុសលក្ខណៈបច្ចេកទេស ក៏ដូចជាសាច់បង្កក និងទំនិញដែលនាំចូលខុសច្បាប់ ដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។
ចំពោះលទ្ធផលនៃការចុះប្រតិបត្តិការ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់តាមតូប និងទីតាំងអាជីវកម្មនានាក្នុងផ្សារ ដើម្បីធានាថាគ្រប់ផលិតផលទាំងអស់អនុលោមតាមបទប្បញ្ញត្តិច្បាប់។ ក្រុមការងារបានរកឃើញទំនិញខូចគុណភាព និងទំនិញហួសសុពលភាពមួយចំនួន ដែលបង្កហានិភ័យដល់សុខភាពអ្នកទទួលទាន។
មន្ត្រីជំនាញបានធ្វើការណែនាំ និងអប់រំដល់អាជីវករឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពិនិត្យកាលបរិច្ឆេទ ប្រភពផលិតផល និងស្តង់ដារវេចខ្ចប់ មុននឹងដាក់លក់ជូនអតិថិជន។
ក្នុងឱកាសនោះ ក្រុមការងារបានអំពាវនាវដល់អាជីវករទាំងអស់ សូមចូលរួមលក់ដូរដោយភាពស្មោះត្រង់ ដោយផ្ដល់អាទិភាពលើផលិតផលដែលមានគុណភាព មានការបញ្ជាក់កាលបរិច្ឆេទត្រឹមត្រូវ និងមានអនាម័យខ្ពស់។ ព្រមជាមួយគ្នានេះ សមត្ថកិច្ចក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ និងរួមគ្នាទប់ស្កាត់ការចរាចរទំនិញខុសច្បាប់ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ និងការពារផលប្រយោជន៍រួមក្នុងសង្គម។
សមត្ថកិច្ចបញ្ជាក់ថា នឹងបន្តតាមដាន និងអនុវត្តការងារនេះជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕























